(មែលប៊ិន)៖ កីឡាករវាយកូនបាល់ទោល Roger Federer បានកក់កៅអីឡើងទៅវគ្គ ៤នាក់ចុងក្រោយនៃពានរង្វាន់ Australian Open 2020 ជាផ្លូវការហើយ ក្រោយទម្លាក់គូប្រជែងដែលជាជនជាតិអាមេរិក Tenny Sandgren ក្នុងវគ្គ ៨នាក់ចុងក្រោយនាយប់មិញនេះ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Melbourne Park ដែលស្ថិតក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលីនារាត្រីថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ នោះ កីឡាករស្វីស ដែលឈរនៅលំដាប់លេខ៣ ពិភពលោក Federer បានប្រើពេលដល់ទៅ ៣ម៉ោង និង ២៨នាទីទម្រាំទម្លាក់គូប្រជែងដែលឈរនៅចំណាត់ថ្នាក់លេខ១០០ ពិភពលោកបាន ក្នុងលទ្ធផល ៣-២ ក្រោមលំដាប់ពិន្ទុ ៦-៣ ២-៦ ២-៦ ៧-៦ (១០-៨) និង ៦-៣។

តាមរយៈលទ្ធផលនេះ បានបន្តការខកចិត្តដល់កីឡាករអាមេរិក Sandgren ដែលព្យាយាមឡើងវគ្គ ៤នាក់ចុងក្រោយ លើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៩១ មក គ្រាដែលអតីតម្ចាស់ជើងឯកពានក្នុងក្របខណ្ឌ Grand Slam ២០សម័យកាល Federer នឹងត្រូវឡើងទៅប៉ះកីឡាករលំដាប់លេខ១ ពិភពលោក Novack Djokovic ដែលបានទម្លាក់កីឡាករកាណាដា Milos Raonic ឈរនៅចំណាត់ថ្នាក់លេខ៣២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីប្រជែងកៅអីទៅដណ្តើមពាន Australian Open ឆ្នាំនេះដែលមានអូស្រ្តាលីធ្វើម្ចាស់ផ្ទះ៕