(តូរីន)៖ នាពេលថ្មីៗនេះក្លឹបបាល់ទាត់អុីតាលី Inter Milan នៃលីគកំពូល Serie A បានចុះកិច្ចព្រមព្រៀងផ្ទេរយកកីឡាករខ្សែបម្រើឆ្នើម Christian Eriksen ពីក្លឹបអង់គ្លេស Tottenham Hotspur ស្ថិតក្នុងតម្លៃប្រមាណ ១៦.៩លានផោន ដោយមានរយៈពេល ៤ឆ្នាំចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ក្រោយរួមរស់ជាមួយក្រុមមាន់ខ្នាយមាសអស់រយៈពេល ៧ឆ្នាំនាទឹកដីអង់គ្លេស។

ខ្សែបម្រើវ័យ ២៧ឆ្នាំសញ្ជាតិដាណឺម៉ាក Eriksen បានព្រមព្រៀងផ្ទេទៅកាន់លីគកំពូលអុីតាលី Serie A ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ ក្រោយបង្ហាញខ្លួនជាមួយក្លឹប Tottenham Hotspur បានចំនួន ២២៦ប្រកួត និងស៊ុតបាន ៥១គ្រាប់ក្នុងលីគកំពូល Premier League ចាប់តាំងពីឆ្នាំ២០១៣ មក ក្រោយផ្ទេរចេញពីក្លឹប Ajax របស់ហូឡង់ និង ៣០៩ប្រកួត ហើយរកបាន ៦៩គ្រាប់នៃគ្រប់ការប្រកួតទាំងអស់ជាមួយក្លឹប Spurs។

ក្នុងរយៈពេល ៧ជាមួយក្លឹប Spurs ខ្សែបម្រើ Eriksen ធ្លាប់ឈ្នះពានតែ ២ប៉ុណ្ណោះ រួមមានពានរង្វាន់ International Champions Cup ក្នុងឆ្នាំ២០១៨ និងពាន Audi Cup ក្នុងឆ្នាំ២០១៩ ក្រោយធ្លាប់លើកពាន Eredivisie បាន៣លើកជាមួយ Ajax នៃលីគហូឡង់ ហើយរូបគេនឹងផុតកិច្ចសន្យាជាមួយក្លឹប Inter Milan នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ផងដែរ៕