(ក្រុងឡុងដ៍)៖ Aston Villa បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រ League Cup (Carabao Cup) បន្ទាប់ពីទម្លាក់គូប្រជែង Leicester City ក្នុងលទ្ធផល ២-១ នៅនាទីចុងម៉ោងនាយប់មិញនេះ ប្រកួតកាត់សេចក្តីជើងទី២ ក្នុងវគ្គ ៤ក្រុមចុងក្រោយ។

Trezeguet ជាកីឡាករនាំមុខសំណាង តាមរយៈស៊ុតចូលចុងម៉ោង ពោលគឺនាទី ៩០+៣ ទៅហើយ បន្ទាប់ពីលេងស្មើគ្នា ១-១ ចាប់ពីនាទីទី៧២ មកនៅកីឡដ្ឋាន Villa Park ដូចទៅនឹងលទ្ធផល ១-១ នៅកីឡដ្ឋាន King Power កាលពីជើងទី១ នៅទឹកដីរបស់ក្រុមកញ្ជ្រោងខៀវ Leicester City។

Targett ជាអ្នករកបានគ្រាប់នាមុខឲ្យក្រុមម្ចាស់ផ្ទះ Aston នៅនាទី១២ មុនពេលខ្សែបម្រើមកពីអាហ្វ្រិក Iheanacho រកបានគ្រាប់តាមស្មើ ១-១ វិញនៅនាទី៧២។

នេះក៏ជាលើកទី១ ផងដែរសម្រាប់ក្រុមរបស់លោក Dean Smith ដែលបានឡើងវគ្គផ្តាច់ព្រ័ត្រនៃពាន League Cup លើកដំបូង គិតចាប់តាំងពីឆ្នាំ២០១០ មក ដែលពួកគេបានចាញ់គូប្រជែងសមាជិកនៅ Premier League ដូចគ្នា Manchester United កាលពី១០ឆ្នាំមុន ដែលអាចជួបគ្នាម្តងទៀត ក្រោយបញ្ចប់ជើងទី២ កាត់សេចក្តីនៅកីឡដ្ឋាន Etihad រវាង Manchester City ទល់នឹង Manchester United នាយប់នេះ៕