(វៀងចន្ទ)៖ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវតតាំងជាមួយក្រុមម្ចាស់ផ្ទះ Master 7 នាពហុកីឡដ្ឋានជាតិឡាវ នាវេលាម៉ោង ៥ល្ងាចនេះ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ក្លឹបាបាល់ទាត់ជើងឯកអាស៊ី AFC Cup 2020។ នេះគឺជាការប្រកួតកាត់សេចក្ដី បន្ទាប់ពីប្រកួតជើងទី១ ក្រុមជើងឯកលីគកំពូលកម្ពុជា បានលត់ក្រុមជើងឯករងលីគកំពូលឡាវ ៤-១ កាលពីថ្មីៗ។

ជុំវិញការប្រកួតដ៏សំខាន់នេះ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងបានថ្លែងក្នុងសន្និសីទ មុនការប្រកួតថា វាជាការប្រកួតដ៏សំខាន់ ដែលក្រុមខ្លួនមិនអាចធ្វេសប្រហែសបានឡើយ ទោះជើងទី១ ស្វាយរៀងទទួលបានជ័យជម្នះក៏ពិតមែន ព្រោះ Master 7 ក៏ជាក្រុមមួយល្អ និងធនធានកីឡាករល្អៗច្រើនដែរ ជាក់ស្ដែងកាលពីជើងទី១ ពួកគេធ្វើបានយ៉ាងល្អនៅវគ្គទី២ គ្រាន់តែពួកគេគ្មានសំណាង។

ដោយហេតុនេះលោកបានសង្ឃឹមថា កីឡាករទាំងអស់នឹងបង្កើនការយកចិត្តទុកដាក់ និងធ្វើបានកាន់តែល្អក្នុងការប្រកួតនេះ ដើម្បីដណ្ដើមជ័យជម្នះ និងបានឡើងទៅលេងវគ្គចែកពូល ពិសេសមានឱកាសលេងក្នុងដីចំនួន ៣ប្រកួតទៀត។ លោកថា «យើងសង្ឃឹមថា យើងនឹងធ្វើបានល្អក្នុងការប្រកួតស្អែកនេះ (ល្ងាចនេះ) យើងនឹងខំប្រឹង មិនធ្វើឲ្យអ្នកគាំទ្ររបស់យើងខកបំណងឡើយ»

គួរបញ្ជាក់ថា ការប្រកួតល្ងាចនេះ បើសិនព្រះខ័នរាជស្វាយរៀង បន្ដរក្សាលទ្ធផលល្អ ដូចកាលពីជើងទី១ ពួកគេនឹងត្រូវឡើងទៅវគ្គចែកពូល ដោយស្ថិតក្នុងពូល G ជាមួយក្លឹប Ceres Negros របស់ហ្វីលីពីន ក្លឹប Than Quang Ninh របស់វៀតណាម និងក្លឹប Bali United របស់ឥណ្ឌូនេស៊ី។ រីឯក្រុម Master 7 ក៏មិនទាន់អស់ឱកាសដែរ ដរាបណាពួកគេអាចយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀងលើសពី ៣គ្រាប់៕