(ភ្នំពេញ)៖ ទស្សនិកជនដែលតែងតែទស្សនា កម្មវិធីកំប្លែងកាលពីប៉ុន្មានឆ្នាំមុន ប្រហែលជាស្គាល់អ្នកនាង សំ ប៉ូលីដាច្បាស់ហើយ ព្រោះអ្នកនាង គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូប។ តែយ៉ាងណា មួយរយៈចុងក្រោយមកនេះ ហាក់បាត់មុខ សំ ប៉ូលីដា សូន្យឈឹងពីវិស័យសិល្បៈ ហើយពេលនេះស្រាប់តែលេចមុខមកវិញ ក្នុងសភាពគួរឲ្យអាណិត មានជំងឺជាប់ខ្លួន ខ្វះខាតលុយព្យាបាល រហូតដាច់បាយម្ដងៗ។

ប្រែពីទឹកមុខស្រស់បស់ ធ្លាប់តែញញឹមសើចក្អាកក្អាយធ្វើឲ្យគ្រប់គ្នារីករាយ ប៉ុន្តែពេលនេះទៅជាក្រៀមក្រំគួរឲ្យអាណិតទៅវិញ គឺដោយសារតែបច្ចុប្បន្ន សំ ប៉ូលីដា គ្មានទីផ្សារសិល្បៈ អត់ចំណូល ប្រៀបបាននឹងចង្កៀងជិតអស់ប្រេង។ ជាអកុសលអី ខ្លួនមានជំងឺត្រូវចំណាយព្យាបាលច្រើន ម្យ៉ាងត្រូវចិញ្ចឹមកូនម្នាក់ឯងទៀតផង ព្រោះបច្ចុប្បន្នជាស្ត្រីមេម៉ាយ។

ប្រភពព័ត៌មានពីអ្នកសិល្បៈដូចគ្នា បានប្រាប់ពីស្ថានភាពលំបាករបស់ សំ ប៉ូលីដា ថា បច្ចុប្បន្ននេះនាងបាត់បង់​ឱកាស​ដើរ​ច្រៀង ​ព្រោះ​តែមានជំងឺបេះដូង មេរោគក្នុងថ្លើម និងជំងឺច្រើនមុខទៀត ដែលត្រូវឲ្យទៅសម្រាក​ព្យាបាល ប្រើប្រាស់​ខ្ទង់ចំណាយ​ច្រើន​ពេក។ ពេលបានធូរបន្តិចបន្តួចក៏ទៅច្រៀង ដើម្បីរកចំណូលចិញ្ចឹមកូន ប៉ុន្តែពេលបេះដូងធ្វើទុក្ខ ក៏សម្រាកបន្តិចហើយបន្តទៀត ប៉ុន្តែដោយទ្រាំបែបនេះមិនបាន ទើបដេកសម្រាកក្នុងពេទ្រ មិនបានចេញច្រៀង គ្មានចំណូលតែម្តង បើនិយាយឲ្យចំទៅដាច់បាយជិតមួយខែហើយ។

ប្រភពដដែលបន្តថា តារាកំប្លែងស្រី ដែលធ្លាប់តែស៊ីចាយហ៊ឺហា ជាអតីតថៅកែបៀហ្កាដិន រូបនេះ ​បានបែក​ពី​គ្រួសារ ទ្រព្យ​សម្បត្តិចែក​គ្នា​រៀង​ៗ​ខ្លួន ហើយមកទល់នឹងសព្វ​ថ្ងៃនេះ ​ទ្រព្យក៏លក់​អស់ពី​ខ្ល​ន ដើម្បីមើល​ជំងឺ។

យ៉ាងណាមិញ ដោយឃើញសភាពលំបាក ថ្មីៗនេះម្ចាស់ហាងហ្កោលឌិន បានផ្តល់ថវិកាដល់នាងមួយចំនួន ដើម្បីសម្រួលការលំបាកក្នុងគ្រួសារ ជាពិសេសព្យាបាលជំងឺបេះដូង ដែលកំពុងធ្វើទុក្ខខ្លាំង៕