(ភ្នំពេញ)៖ ស្របពេលដែលតម្រូវការម៉ាស់ របស់ប្រជាពលរដ្ឋខ្មែរកំពុងកើនឡើង ដោយសារតែវីរុសកូរ៉ូណាប្រភេទថ្មី នៅតាមឱសថស្ថាន និងកន្លែងលក់ម៉ាស់មួយចំនួន មានការតម្លើងថ្លៃ បង្កឲ្យផ្ទុះការរិះគន់យ៉ាងច្រើនពីមហាជន ជាពិសេសប្រជាជនមួយចំនួនគ្មានលទ្ធភាពទិញ។ ពេលនេះតារាចម្រៀង កញ្ញា រតនៈ ពិសី បានប្រកាសចែកម៉ាស់ឲ្យដោយឥតគិតថ្លៃចំនួន ៥ពាន់ម៉ាស់ ដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា ដែលគ្រប់គ្នាកំពុងព្រួយបារម្ភនេះ។

កញ្ញា រតនៈ ពិសី បានថ្លែងប្រាប់ Fresh News និង Khmer Talking ថា កញ្ញានឹងបន្តចែករហូតដល់ទៅ១ម៉ឺនម៉ាស់ ដើម្បីបំពេញតម្រូវការបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមិនសូវមានលទ្ធភាពទិញ និងកំពុងមានតម្រូវការម៉ាស់ ស្របពេលដែលកន្លែងលក់ម៉ាស់មួយចំនួន ឆ្លៀតឱកាសឡើងថ្លៃ។ ដូច្នេះ​ទើបកញ្ញា ឆ្លៀតទៅទិញម៉ាស់បានប្រហែល៥ទៅ៦ពាន់ម៉ាស់ ក្នុងតម្លៃថ្លៃគួរសម ដើម្បីចែកជូនដល់បងប្អូនដែលមានតម្រូវការ ហើយនិងបន្តចែករហូតដល់ទៅ១ម៉ឺនម៉ាស់​ បន្ថែមទៀត។

តារាស្រីសាច់សខ្ចីដូចបណ្តូរចេករូបនេះ បានបន្ថែមថា ការចែកម៉ាស់នេះ គឺនៅទីតាំងមុខហាងរតនៈពិសី ម៉ាស្សា និងស្ប៉ា ដែលមានទីតាំងខាងលិចផ្សារអូឡាំពិក ផ្ទះលេខ២១ ផ្លូវលេខ ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។ រតនៈ ពិសី បន្តថា ប្រសិនបើចែកនៅមុខហាងមិនអស់នោះទេ នាងនឹងបន្តចែកនៅតាមភ្លើងស្តុបនានាបន្ថែមទៀត៕