(ភ្នំពេញ)៖ ជាដំណឹងមួយគួរឲ្យសោកស្តាយយ៉ាងខ្លាំង តារាចម្រៀងប្រុសវ័យក្មេង ដែលត្រូវបានទស្សនិកជនស្គាល់ថាជាម្ចាស់បទ «ស្លៀកខ្លី» គឺលោក សេរី វឌ្ឈនា បានទទួលមរណភាពទាំងវ័យក្មេង ដោយសារជំងឺគ្រុនឈាម។ ការទទួលមរណភាពរបស់តារាប្រុសរូបនេះ បានធ្វើឲ្យមិត្តរួមអាជីព និងអ្នកគាំទ្រសោកស្តាយជាខ្លាំង ព្រោះជារឿងមួយនឹកស្មានមកដល់ថាលោក ទទួលមរណភាពទាំងវ័យក្មេងបែបនេះឡើយ។

បើតាមប្រភពពីអ្នករួមសិល្បៈបានឲ្យដឹងថា លោកមានជំងឺគ្រុនឈាម និងបែកគ្រាប់ឈាម រហូតបញ្ចូនទៅព្យាបាលនៅវៀតណាម ប៉ុន្តែជាអកុសលមិនអាចសង្គ្រោះជីវិតលោកបាន។

ទន្ទឹមគ្នានេះ តាមរយៈបណ្តាញសង្គមឈ្មោះថា Bross La - ប្រុសឡា ដែលជាអ្នករួមអាជីពសិល្បៈជាមួយនឹងបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំសូមផ្អាកធ្វើការ Live តបតរសិន ដោយសូមយកពេលវេលានេះដើម្បីចូលរួមកាន់ទុក្ខ សពប្អូន J-Uy (Serei Wattana) ម្ចាស់បទស្លៀកខ្លី ដែលបានទទួលមរណភាពកាលពីយប់មិញនេះ ដោយជំងឺគ្រុនឈាម សពតម្កល់នៅវត្តសារាវ័ន្តតេជោ ...សូមបងប្អូនញាិតមិត្តទាំងអស់ចូលរួមរំលែកទុក្ខគ្រួសារនៃសព..សូមអគុណ»