(មែនឆេស្ទើ)៖ ក្លឹបបាល់ទាត់បិសាចក្រហម Manchester United ទិញបានខ្សែបម្រើកណ្តាលឆ្នើម Bruno Fernandes វ័យ ២៥ឆ្នាំ ក្នុងតម្លៃប្រមាណ ៦៧.៦លានផោនពីក្លឹបព័រទុយហ្គាល់ Sporting CP មកកាន់លីគកំពូលអង់គ្លេស Premier League។

ខ្សែបម្រើកណ្តាលវ័យ ២៥ឆ្នាំ សញ្ជាតិព័រទុយហ្គាល Bruno Fernandes បានចាប់ផ្តើមក្លាយជាកីឡាករបាល់ទាត់អាជីបនៅទឹកដីអ៊ីតាលី នៅក្នុងឆ្នាំ ២០១២ជាមួយក្លឹប Novara ដោយបង្ហាញខ្លួនបានតែ ២៣ប្រកួតនិងស៊ុតបាន ៤គ្រាប់ហើយបានចូលប្រជែងក្នុងលីគកំពូល Serie A ដោយបន្តផ្ទេរទៅកាន់ក្លឹប Udinese លេងបាន ៨៦ប្រកួតរកបាន ១០គ្រាប់ក្នុងរដូវកាល ២០១៣ដល់ ២០១៦ហើយក៏ត្រូវបានក្លឹប Sampdoria ក្នុងតម្លៃត្រឹមតែ ៦លានអឺរ៉ូកាលពីរដូវកាល ២០១៦ដោយរត់លើទីលានបាន ៣៣ប្រកួតរកបាន ៥គ្រាប់មុនពេលផ្ទេរទៅកាន់ក្លឹប Sporting CP របស់ព័រទុយហ្គាល់ នៅក្នុងឆ្នាំ២០១៧ក្នុងតម្លៃប្រមាណតែ ៩.៦៩លានអឺរ៉ូ។

Bruno បានជាប់ជាសមាជិកក្រុមជម្រើសជាតិព័រទុយហ្គាល ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ក្នុងឈុតយុវជន U19 ដល់ឈុតយុវជន U23 និងក្លាយជាសមាជិកក្រុមឈុតធំនៅឆ្នាំ២០១៧ដល់២០១៩ដោយរកបាន ២គ្រាប់ក្នុង ១៩ប្រកួតហើយរូបគេធ្លាប់លើកពានរង្វាន់ UEFA National League 2018-2019 និងលើកពាន Taca de Portugal ១លើកនិងពាន Taca de Liga ២លើក៕