(មែនឆេស្ទើ)៖ Manchester City ត្រូវប្រជែងការពារតំណែងជើងឯកពានរង្វាន់ League Cup (Carabao Cup) ជាមួយក្រុម Aston Villa នៅវគ្គផ្តាច់ព្រ័ត្រ ក្រោយរបួតតែ ១គ្រាប់ក្នុងជើងទី២ ទល់នឹង Manchester United គ្រាដែលកាលពីជើងទី១ ក្រុមលោក Pep Guardiola លេងឈ្នះក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Old Trafford។

សម្រាប់ជើងទី២ នេះ បិសាចក្រហមរកបាន ១គ្រាប់នៅនាទី៣៥ ដោយខ្សែបម្រើ Nemanja Matic ខណៈរូបគេក៏ត្រូវបានពិន័យកាតក្រហមនៅនាទី៧៦។ លទ្ធផល ១គ្រាប់នេះនៅកីឡដ្ឋាន Etihad នារាត្រីថ្ងៃពុធ ទី២៩ ខែមករា បានធ្វើឲ្យក្រុមលោក Ole បានត្រឹមសោកស្តាយដោយមិនអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយរកបាន ២គ្រាប់ក្នុងការប្រកួតទាំង ២ជើងនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Man City និង Aston Villa នឹងធ្វើឡើងនាថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ហើយនេះក៏ជាលើក ៣ផងដែរ ដែលក្រុមមេឃខៀវឡើងមកការពារតំណែងជើងឯកពាន League Cup ក្រោយលើកពាននេះ ២រដូវកាលជាប់ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ជាម្ចាស់ពាន ៦សម័យកាល ខណៈ Aston ធ្លាប់លើកពាននេះបាន ៥ដងដែរ និងចុងក្រោយនៅឆ្នាំ១៩៩៥៕