(ក្រុងឡុងដ៍)៖ Liverpool បានបន្ថែម៣ពិន្ទុទៀត តាមរយៈបំបាក់ក្រុមម្ចាស់ផ្ទះ ញញួរធំ West Ham United ២-០ កើនដល់ការនាំមុខតំណែងកំពូលតារាង Premier League រហូតដល់ទៅ ១៩ពិន្ទុ គីតត្រឹមសប្តាហ៍ទី២៤ ជើងទី២។

យ៉ាងណាក៏ដោយ ក្រុមជើងឯកអឺរ៉ុប UEFA Champions League រដូវកាលមុនមួយនេះ រកបានពិន្ទុកើនដល់ ៧០ពិន្ទុ នៅតែជាក្រុមលេងមិនចាញ់ និងស្មើតែ ១ដងគត់ ក្រៅពីឈ្នះ ២៣ប្រកួត ស្របពេលក្រុមលេខ២ ដែលជាក្រុមការពារជើងឯក Manchester City មានតែ ៥១ពិន្ទុប៉ុណ្ណោះ។

កីឡាករខ្សែប្រយុទ្ធ Mohamed Salah ជាអ្នករកបានគ្រាប់បើកឆាកនៅនាទីទី៣៥ ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រ ដែលជាគ្រាប់ទី៦៦ របស់គេនៅ Premier League គិតចាប់តាំងពីបានចូលរួមជាមួយ Liverpool កាលឆ្នាំ២០១៧ កន្លងទៅ ក្រោយផ្ទេរពីក្លឹប Roma ដែលលេងនៅ Serie A មុនពេលមិត្តរួមក្រុម Alex Oxlade-Chamberlain រកបានគ្រាប់ទី២ នៅនាទី៥២។

នេះក៏ជាការប្រកួតលើកទី៤១ របស់ Liverpool ដែលមិនចាញ់ឡើយក្នុងលីគ ហើយក៏ជាការធ្វើបានល្អបំផុតផងដែរ គិតចាប់ពីតាំងពីឆ្នាំ១៩៩០ មកនៅអង់គ្លេស ក្នុងនាមជាក្រុមដែលលេងឈ្នះ ១៥ប្រកួតជាប់ៗគ្នាផងដែរ៕