(ភ្នំពេញ)៖ លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន បានបង្ហាញនូវក្ដីកង្វល់មួយចំនួន បន្ទាប់ពីកីឡាករសំខាន់ៗ ៤រូបរងរបួស និងមានជំងឺ។ ការបារម្ភនេះគឺស្របពេលការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលថ្មី ឆ្នាំ២០២០ ខិតជិតមកដល់នាពាក់កណ្ដាលខែកុម្ភៈខាងមុខ។

ចំពោះកីឡាករស្នូល ៤រូប ដែលកំពុងមានបញ្ហារបួស រួមមានកីឡាករ ម៉ៅ ពិសិដ្ឋ, ប្រាក់ ធីវ៉ា, កុក បុរីស និង Paulo Victor។ លោកថា «យើងបានប្រឈមជាមួយនឹងបញ្ហាមួយចំនួនផងដែរ ព្រោះ ២សប្តាហ៍ទៀតលីគយើងបានមកដល់ ហើយកីឡាករសំខាន់ៗមានបញ្ហារបួស។ ពួកគាត់គឺជាកីឡាករល្អៗរបស់យើង តែយើងក៏ត្រូវធ្វើការពិចារណាជាមួយក្រុមការងារបច្ចេកទេសរបស់ក្លឹបដើម្បីរកកីឡាករមកជំនួសតំណែងពួកគេដែរ»

យ៉ាងណាមិញក្លឹបក៏មិនសូវបារម្ភខ្លាំងពេកដែរ ដោយសារភ្នំពេញក្រោន មានធនធានកីឡាករល្អៗច្រើន សម្រាប់ជំនួសតំណែងពួកគេ បន្ទាប់ពីកីឡាករម្នាក់ៗបានខិតខំប្រឹងប្រែងនាពេលកន្លងមក។ សុខង៉ន បន្ថែមថា «យើងឃើញថា កីឡាករមួយចំនួនមានការរីកចំរើនខ្លាំងដូចជា សាហ្វី ពិសុទ្ធ វុទ្ធី សុវណ្ណ បារាំង និងមូស្លីម ដូច្នេះយើងក៏មិនសូវមានការព្រួយបារម្ភខ្លាំងលើការបាត់បង់កីឡាករគោលមួយចំនួននោះទេ»

លើសពីនេះ អ្នកចាត់ការទូទៅក្រុមវ័យក្មេង និងជាអតីតកីឡាករជម្រើសជាតិខាងលើ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងរដូវកាលថ្មី នឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីប្រកួតប្រជែងដណ្ដើមលទ្ធផលល្អឲ្យខានតែបាន ពិសេសតំណែងជើងឯក បន្ទាប់ពីភ្នំពេញក្រោនខកចិត្តលើកពានជាច្រើនរដូវកាលកន្លងទៅ៕