(ភ្នំពេញ)៖ លោក សីហា ដែលត្រូវបានគេស្គាល់ថា មានដុងផ្នែកច្រៀងនោះ បានចេញមុខមកបកស្រាយចម្រៀងមួយបទ ក្រោមចំណងជើងថា «មេឃក្រឡាប់លើ» ​ជាសំនៀងដើមរបស់លោក ឡេង ប៊ុតណាត។ ការបកស្រាយចម្រៀងដែលមានអត្ថន័យ បង្ហាញពីរឿងផិតក្បត់ក្នុងគ្រួសារនោះ គឺដើម្បីឧទ្ទិសជូនទៅដល់វិញ្ញាណក្ខន្ធមិត្តម្នាក់របស់លោក​ដែលបានស្លាប់ ដោយសារប្រពន្ធផិតក្បត់ និងបានរួមដៃជាមួយសាហាយរបស់ខ្លួន បាញ់សម្លាប់យ៉ាងព្រៃផ្សៃ។

ពិតណាស់ ការលេចមុខមកបកស្រាយចម្រៀង «មេឃក្រឡាប់លើ» ពីសំណាក់លោក សីហា ពេលនេះ គឺសំនៀងដើមគឺលោក ឡេង ប៊ុនណាត ហាក់បាត់មុខមាត់ឈឹងពីវិថីសិល្បៈ ដោយមិនដឹងថាបច្ចុប្បន្នទៅដល់ទៅណាឡើយ។ បន្ថែមពីនេះ បើនិយាយពីលោក សីហា ដែលយកបទនេះមកច្រៀង Cover វិញ ត្រូវបានគេដឹងថា លោកមានហេតុផលមួយចំនួន ក្នុងការលើកបទនេះមកច្រៀង។

បើតាមប្រភពបានឲ្យដឹងថា ហេតុផលទី១នោះ គឺ ដោយសារតែលោក សីហា ចូលចិត្តស្តាប់រាល់បទរបស់តារាម្រៀងជើងចាស់ខាងលើ ឬអាចនិយាយបានថា លោក ឡេង ប៊ុនណាត ជាតារាក្នុងចិត្តរបស់លោក ។ ហេតុផលទី២ គឺ បទ «មេឃក្រឡាប់លើ» ជាបទដ៏ពីរោះ និងកម្រមានអ្នកធ្លាប់ស្តាប់ណាស់. និងហេតុផលទី៣ គឺលោក សីហា ច្រៀងនេះ ដើម្បីឧទ្ទិលទៅមិត្តម្នាក់របស់លោក ដែលជួបរឿងរ៉ាវប្រពន្ធផិតក្បត់ រហូតដល់អស់ជីវិតខ្លួនឯង គួរឲ្យអាសូរ។

ប្រភពបន្តថា បទចម្រៀងមួយនេះ គឺពិតជាមានអត្ថន័យត្រូវសាច់រឿងមិត្តភ័ក្តរបស់លោក សីហា ដែលស្លាប់ទៅនោះជាខ្លាំង ព្រោះត្រូវក្បត់យកសាហាយមកដេកដល់ផ្ទះ ហើយមិត្តលោក សីហា តាមទាន់។ យ៉ាងណាមិញ ដោយសារមិត្តរបស់លោក សីហា ជាគ្រូបង្រៀន មានការអប់រំក្នុងខ្លួន មិនបានប្រព្រឹត្តិអំពើហឹង្សាឡើយ ប៉ុន្តែបានស្តីប្រដៅដល់ភរិយា។ តែយ៉ាងណា ភរិយានៅតែមិនបញ្ឈប់ ហើយថែមទាំងរួមគំនិតជាមួយសាហាយ សម្លាយមិត្តភ័ក្តរបស់លោកទៀតផង។​ មុនស្លាប់មិត្តភ័ក្តរបស់លោក សីហា បានឲ្យលោកច្រៀងបទខាងលើជារឿយៗ ដូច្នេះការលើកយកបទនេះមកច្រៀងនៅពេលនេះ គឺដើម្បីឧទ្ទិលដល់វិញ្ញាក្ខន្ធមិត្តភ័ក្តរបស់លោកនេះឯង។

សូមរំលឹកថា កាលពីថ្ងៃទី២៧ សីហា ២០១៩ វេលាពាក់កណ្ដាលអាធ្រាត្រ មានករណីបាញ់សម្លាប់គ្រូបង្រៀនម្នាក់ នៅភូមិសំរោងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ក្រោយហេតុការណ៍ ប៉ូលីស បាន​ស្រាវជ្រាវរហូតដល់ឃាត់បានខ្លួនជនសង្ស័យ ដែលជាភរិយារបស់ជនរងគ្រោះតែម្ដង ឈ្មោះឃឿន ស៊ីហ៊ន ហៅ ស៊ីហ៊ន ភេទស្រី អាយុ២៦ ឆ្នាំគ្មានមុខរបរស្នាក់នៅជាមួយប្តី (សពឈ្មោះ រឿន រតនា) នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុខាងលើ។

ក្រោយពីការសួរដេញដោល របស់សមត្ថកិច្ចជាច្រើនដង ជនសង្ស័យបានព្រមឆ្លើយសារភាព ថាខ្លួនជាអ្នកនៅពីក្រោយករណីឃាតកម្ម ចំពោះប្ដីរបស់ខ្លួន។ ចំពោះមូលហេតុ នៃការសម្លាប់ នោះនារីជាមេគំនិតប្រាប់ថា ដោយសារតែនាង និងជនរងគ្រោះរស់នៅមិនចុះសម្រុងនឹងគ្នា ពិសេសគឺជនរងគ្រោះបានធ្លាប់មានទំនាស់ពាក្យសំដី ជាមួយឈ្មោះ មករា ជាអតីតសង្សារនាង ផង។ ដូច្នេះហើយទើបនៅយប់ថ្ងៃកើតហេតុនោះ នាងក៏បានរៀបចំផែនការជាមួយ សង្សារសម្លាប់ស្វាមី ដោយបានទូរសព្ទ​ហៅស្វាមីពេល ថ្ងៃនោះលោកបានជាប់រវល់ទៅបុណ្យ​ នៅស្រុកកំណើត ខេត្តកណ្ដាលឲ្យប្រញាប់ត្រឡប់ មកផ្ទះហើយនាង បានឲ្យសង្សារ នាងទៅចាំស្ទាក់ផ្លូវ ហើយបានបាញ់សម្លាប់ស្វាមីអភ័ព្វបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង៕