(ចិន)៖ អ្នករាយការណ៍របស់សារព័ត៌មានចិន CGTN បានទៅដល់ទីតាំងផ្សារទំនើបមួយកន្លែងនៅផ្លូវជាំងស៊ី (Jiangxia) នៃទីក្រុងវូហាន ដើម្បីមើលថា តើតម្លៃគ្រឿងទេសនៅទីនោះមានការតម្លើងថ្លៃឬអត់ ក្រោយពីមានជំងឺរលាកសួតកូរ៉ូណាវីរុសប្រភេទថ្មីបានផ្ទុះឡើង។ នេះបើយោងតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

តាមរយៈវីដេអូបានបង្ហាញថា មានមនុស្សជាច្រើននាក់បានឈរតម្រង់ជួរគ្នានៅក្រៅផ្សារទំនើប ខណៈគ្រប់គ្នាសុទ្ធតែពាក់ម៉ាស់ ដើម្បីការពារការឆ្លងកូរ៉ូណាវីរុស។ ការផ្ទុះឡើងនៃកូរ៉ូណាវីរុស ផ្សារទំនើបនៅតំបន់នោះបានបើកលក់តិចម៉ោងជាងមុន ពោលបើកលក់ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៥ល្ងាច។ អ្វីដែលគួរឲ្យកត់សម្គាល់ នៅច្រកចូលផ្សារទំនើប គឺមានការពិនិត្យកំដៅ ហើយមនុស្សដែលអនុញ្ញាតិឲ្យចូលទិញឥវ៉ាន់ លុះត្រាតែមានកំដៅធម្មតា...។

បន្ថែមពីនេះ ងាកមកតម្លៃរាល់ទំនិញនៅផ្សារទំនើបនេះវិញ គឺធម្មតា ពោលមិនមានការតម្លើងថ្លៃដូចពាក្យចចាមអារាមលើបណ្តាញសង្គមឡើយ ខណៈអតិថិជនបានដើរទិញឥវ៉ាន់តាមធម្មតាដូចសព្វមួយដង៕