(ភ្នំពេញ)៖ ខ្សែប្រយុទ្ធ Paulo Victor បានរងរបួសកជើងខាងស្តាំ ក្នុងជំនួបទល់នឹងក្រុម Chiangrai United របស់ថៃកាលសប្តាហ៍មុន និងត្រូវបង្ខំឲ្យផ្លាស់ប្តូរនៅវគ្គទី២ បើតាមការលើកឡើងរបស់គ្រូបង្វឹក លោក ស៊ុំ វណ្ណា ដែលនឹងអាចចូលរួមហ្វឹកហាត់ជាមួយក្រុមវិញនៅសប្តាហ៍ក្រោយ ពោលគឺជាពេលដែលលីគកំពូលកម្ពុជាចាប់ផ្តើមតែម្តង។

ក្រោយពីរងរបួសធ្ងន់ក្នុងការប្រកួតជាមួយក្រុម Chiangrai United នៃពារង្វាន់ Leo Pre-Season 2020 កីឡាករ Paulo Victor បានសម្រាកព្យាបាលបានរយៈពេលជាង ១សប្តាហ៍ហើយ។

ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបានបង្ហាញភាពសុទិដ្ឋិនិយមថា «ខ្ញុំយល់ថាក្រុមរបស់យើងមានការប្រកួតប្រជែងខ្ពស់ណាស់នៅឆ្នាំនេះ ម្នាក់ៗមានបទពិសោធន៍ពីលីគខ្លាំងជាងមុន ខ្ញុំយល់ថា វាអាចជាឆ្នាំដ៏ល្អ១សម្រាប់ពួកយើង។ យើងនឹងប្រយុទ្ធទាំងអស់គ្នាដើម្បីឈ្នះពានរង្វាន់លីគកំពូល»

គួរដឹងផងដែរថា កីឡាករវ័យ ២៦ឆ្នាំរូបនេះក៏បាននិយាយពីបញ្ហារបួសខ្លួនយ៉ាងដូច្នេះថា «ខ្ញុំបានទៅជួបជាមួយនឹងគ្រូពេទ្យ ដោយគាត់បានប្រាប់ខ្ញុំថាវាអាស្រ័យទៅលើបញ្ហាសាច់ដុំរបស់ខ្ញុំ បើវាមានភាពប្រសើរឡើងខ្ញុំអាចចូលរួមហ្វឹកហាត់ជាមួយក្រុមក្នុងកំឡុងពេល៥ ទៅ១០ថ្ងៃទៀត។ ពេលនេះខ្ញុំមានភាពប្រសើរជាងមុនហើយ ខ្ញុំចង់បង្ហាញខ្លួនសម្រាប់ប្រកួតដំបូងនៅថ្ងៃទី១៥ ខាងមុខនេះ ប៉ុន្តែអ្វីៗវាស្ថិតនៅលើការតាមដានបន្ថែមទៀត»

សូមបញ្ជាក់ថា ការប្រកួតដំបូងរបស់ក្រុមភ្នំពេញក្រោនក្នុងពានរង្វាន់លីគកំពូលកម្ពុជា គឺធ្វើឡើងនៅថ្ងៃ១៥ ខែកុម្ភៈ នៅកីឡដ្ឋាន RSN ដោយភ្នំពេញក្រោននឹងត្រូវប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជា សម្រាប់សប្តាហ៍ទី១ ជើងទី១ ក្នុងចំណោម ១៣ក្រុមចូលរួម៕