(ភ្នំពេញ)៖ តារាសម្ដែង លោក គីម ផាន់ណាវីត បានសម្រេចចិត្តពន្យាពេលការសិក្សារបស់ខ្លួន ដោយយកពេលវេលាទាំងនោះ មកប្រឡូកឲ្យខ្លាំងក្លា ជាមួយនឹងការងារសិល្បៈ និងពង្រឹងកេរ្តិ៍ឈ្មោះបន្ថែម។

លោក គីម ផាន់ណាវីត បានបញ្ជាក់ឲ្យដឹងថា​ ចាប់ពីពេលនេះតទៅ លោកនឹងទទួលការងារសិល្បៈឲ្យពេញទំហឹង មិនឈប់បាត់មុខទៀតទេ បន្ទាប់ពីលោកសម្រេចចិត្ត ព្យួរចោលការសិក្សាផ្នែកទីផ្សារត្រឹមឆ្នាំទី២ ​ដើម្បីមានពេលរកលុយ និងសាងកេរ្តិ៍ឈ្មោះ នៅក្នុងពិភពសម្ដែង។ ក្នុងនោះលោកក៏ត្រៀមបើកផាប់មានលក់អាហារ និងភេជ្ជៈបន្ទាប់ពីបញ្ចប់ពិធីខួបកំណើត​ ដើម្បីមានចំណូលទប់នឹងការងារសិល្បៈ។

គីម ផាន់ណាវីត ទើបតែបានថតបញ្ចប់រឿង «មន្តស្នេហ៍នាងដារីយ៉ា» ដែលជារឿងភាគរបស់ផលិតកម្មក្លាស៊ីក ត្រៀមនឹងដាក់បញ្ចាំងនៅទូរទស្សន៍ជាតិ ខណៈដែលក្នុងពេលនេះលោកក៏មានឱកាសថត MV និង បទចម្រៀងឲ្យផលិតកម្មហង្សមាសជាដើម ដែលធ្វើឲ្យលោកមើលឃើញពីការឈានឡើងក្នុងសិល្បៈ នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

ជាការពិត គីម ផាន់ណាវីត បានបាត់មុខពីសិល្បៈមួយរយៈមកហើយ ដោយតារាសម្ដែងវ័យក្មេងរូបនេះ ទើបតែវិលមកកាន់ការសម្ដែងប្រមាណ ជាមួយឆ្នាំចុងក្រោយប៉ុណ្ណោះ ប៉ុន្តែគេកត់សម្គាល់ថា ទីផ្សារសិល្បៈរបស់លោករីកលូតលាស់ ដាច់ឆ្ងាយពីការសស្រាក់សស្រាំលើកមុនៗ។​ ទើបក្នុងពិធីខួបកំណើតរបស់លោក កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ មានសិល្បករ-សិល្បការិនីចូលរួមច្រើន។

លោក គីម ផាន់ណាវីត និយាយថា កន្លងមកលោកធ្លាប់តែធ្វើខួបកំណើតតូចៗ ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ទើបតែពេលនេះលោកសប្បាយចិត្តនៅពេលលោកធ្វើខួប ហើយមានតារាសិល្បៈ និងភ្ញៀវកិត្តិយសចូលរួមកុះករ និងដើម្បីពង្រីកកេរ្តិ៍ឈ្នះ របស់លោកក្រោយពេលឡើងកូដផងដែរ៕