(តូក្យូ)៖ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ Tokyo Games 2020 ដែលមានជប៉ុនធ្វើម្ចាស់ផ្ទះនោះបាន កំពុងមានការព្រួយបារម្ភជាខ្លាំង​អំពីការរីករាលដាលនៃវីរុសឆ្លងកូរ៉ូណា (Coronavirus) គ្រាដែលប្រទេសនៅតំបន់អាស៊ីមួយនេះ (ជប៉ុន) មានករណីឆ្លងកើនដល់ ២០ករណីពេលនេះ។

ព្រឹត្តិការណ៍កីឡាដ៏ធំ Tokyo Olympic Games 2020 រដូវក្តៅនេះ គ្រោងចាប់ផ្តើមប្រកួតចាប់ផ្តើមពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០២០ ខាងមុខនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ប្រទេសជប៉ុន ដែលបានត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា Olympic នារដូវក្តៅនេះ បាននឹងកំពុងមានការព្រួយបារម្ភជាខ្លាំងអំពីមេរោគឆ្លងនាពេលបច្ចុប្បន្នដែលបានកើតចេញពីប្រទេសចិន ខណៈមានព្រឹត្តិការណ៍ជាច្រើនបានលុបចោលរួចហើយ ដោយក្នុងនោះដែរ នាយកប្រតិបត្តិគណៈកម្មាធិការរៀបចំ Tokyo Games 2020 លោក Toshiro Muto បានរំពឹងថា «នឹងមានការទប់ស្កាត់តាមដែលអាចធ្វើទៅបាន»

ដូចគ្នានោះដែរ លោក Shinzo Abe នាយករដ្ឋមន្រ្តីជប៉ុន ក៏បានចាត់វិធានការ និងខិតខំទប់ស្កាត់កាត់បន្ថយនៃផលប៉ះនេះឲ្យខានតែបានមុនពេលព្រឹត្តិការណ៍ Olympic Games ចាប់ផ្តើមនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០តទៅ។

អ្នកនាំពាក្យរបស់ IOC ក៏បានលើកឡើងដែរថា នឹងរកវិធានការប្រឆាំង វីរុសកូរ៉ូណាឲ្យបាន ដើម្បីធានាដល់អត្តពលិកប្រមាណ ១១,០០០នាក់ ត្រៀមប្រជែងមេដាយ ហើយបច្ចុប្បន្នក្រុមនៃគណៈកម្មាធិការគ្រប់គ្រងព្រឹត្តិការណ៍ IOC ក៏បានធ្វើការទាក់ទងទៅកាន់អង្្គការសុខភាពពិភពលោក WHO ក្នុងការទប់ស្កាត់ និងរកដំណោះស្រាយចំពោះបញ្ហានេះផងដែរ៕