(សៀមរាប)៖ លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា បានដឹកនាំក្រុមម៉ូតូធំ ចុះទៅចែកអំណោយសម្ភារៈសិក្សាដល់ សាលាដាច់ស្រយាល១កន្លែង ក្នុងខេត្តសៀមរាប និងក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលកម្មវិធីនេះ បានចូលរួមឧបត្ថម្ភដោយក្រុមហ៊ុនអេសស្វី ផៅវើ (S SVY POWER) ដែលជាក្រុមហ៊ុននាំចូលប្រេងរំអិល ម៉ាក ម៉ូរីសុន (MORRISON)។
ទីតាំងសាលា ដែលលោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា នាំក្រុមម៉ូតូធំជិះតាំងពីភ្នំពេញនាំសម្ភារៈសិក្សាទៅចែកជូននោះ ស្ថិតនៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងសាលាស្វាយធំ នៅឃុំកពង់ក្តី ស្រុកជីក្រែង ខេត្ត សៀមរាប។ ក្រុមម៉ូតូធំទាំង៣ក្រុម ដែលបានចូលរួមជាមួយ លោក ឧកញ៉ា មានដូចជា «ក្រុមម៉ូតូធំមនុស្សធម៌កម្ពុជា», «ក្រុមម៉ូតូធំស៊ីដារ៉ាស់» និង«ក្រុមម៉ូតូធំហ្វាមីលីប៉ៃខឺ» ដែលមានម៉ូតូ សរុបចំនួន៣០ម៉ូតូ។ កម្មវិធីនេះ លោក សុវណ្ណ មករា ជាអគ្គនាយកក្រុមហ៊ុនអេសស្វី ផៅវើ (S SVY POWER) នាំចូលប្រេងរំអិលម៉ូរីសុន (MORRISON) បានចាប់ដៃគ្នារួមសហការ ជាមួយលោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា។ ទោះបីជាការចុះទៅជួយឧបសគ្គផ្លូវលំបាក ឆ្ងាយ មានការនឿយហត់បែបណាក្ដី លោកឧកញ៉ាថ្លែងថា ក្រុមការងារពិតជាសប្បាយចិត្តខ្លាំង ដែលបានធ្វើកិច្ចការសប្បុរសធម៌ ចំគោលដៅបែបនេះ។ តាមការឲ្យដឹងពីលោក ឧកញ៉ា ចិត្តធម៌ខាងលើ ក្រុមរបស់លោកបានប្ដេជ្ញាថា នឹងធ្វើកម្មវិធីចែកសម្ភារៈសិក្សាដល់សិស្សក្រីក្រ ទូទាំងប្រទេសជារៀងរាល់ខែ។
សម្ភារៈដែលបានចែកជូន មានដូចជា សៀវភៅ ៣ក្បាល ខ្មៅដៃ២ដើម ប៊ិច២ដើម បន្ទាត់១ ដែកខួង១ នំ១កញ្ចប់ និងទឹកដោះគោ១កំប៉ុង។ នេះមិនមែនជាលើកទី១ឡើយ ដែលលោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា ចុះធ្វើកិច្ចការសប្បុរសធម៌ ដើម្បីជាប្រយោជន៍ដល់សង្គមនេះ។
មហាជនធ្លាប់បានដឹងហើយថា កន្លងមកយុទ្ធនាការចែកសៀវភៅសរសេរ១ម៉ឺនក្បាល របស់លោកឧកញ៉ា ធ្លាប់បានធ្វើបានជិត១០លើកមកហើយ ក្នុងនោះ ខេត្តស្វាយរៀង ៣លើក ខេត្តកំពង់ឆ្នាំ៣លើក នឹងខេត្តកំពង់ធំ១លើក ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ សៀមរាបជាដើម។ ជាមួយនឹងកិច្ចការជួយដល់សង្គម ពិសេសលើវិស័យអប់រំនេះ បន្ទាប់ពីបញ្ចប់យុទ្ធនាការចែកសៀវភៅ១ម៉ឺនក្បាលខាងលើ លោកឧកញ៉ាមានផែនការធ្វើបណ្ណាល័យចល័តបន្ថែមទៀត ហើយបណ្ណាល័យនោះ នឹងធ្វើដំណើរដឹកសៀវភៅជាច្រើនពាន់ក្បាល ចែកជូនសិស្សានុសិស្សក៏ដូចជាប្រជាជន បានអានទៅ តាមទីដាច់ស្រយាល។ អ្វីដែលជាការលើកទឹកចិត្តដល់អ្នកអានសៀវភៅ លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា នឹងរៀបចំជាប្រាក់លើកទឹកចិត្ត អានសៀវភៅចប់ត្រឡប់ទៅផ្ទះវិញថែមទៀត មានន័យថា អានសៀវភៅបានទាំងលុយ បានទាំងចំណេះដឹង៕