(ភ្នំពេញ)៖ អ្នកលក់តាមបណ្ដាញសង្គមអនឡាញឆ្នើមៗប្រមាណ៣៦០នាក់ បានរៀបចំពិធីជួបជុំគ្នាដ៏ធំមួយ ដើម្បីបានពិភាក្សាគ្នា ផ្ដល់បទពិសោធឲ្យគ្នាទៅវិញទៅមក នាពេលថ្មីៗនេះ។ នេះជាកម្មវិធីចែករំលែកចំណេះដឹង ជាពិសេសបទពិសោធន៍ជោគជ័យ និងជំនាញថតរូបឲ្យទាក់ទាញធំមួយ ដែលអ្នកចូលរួមក៏សុទ្ធសឹងតែជាអ្នកជោគជ័យ ក្នុងមុខអនឡាញ ជាអ្នកតំណាងឆ្នើមៗ។
អ្នករៀបចំកម្មវិធី លោក ឆាយ ភិរម្យ បានថ្លែងបញ្ជាក់ថា នេះជាការជួបជុំទ្រង់ទ្រាយធំលើកទី១ ដែលក្រុមហ៊ុនរបស់លោកបានរៀបចំឡើង បន្ទាប់ពីលោក និងភរិយាជាជនជាតិថៃ បណ្ដាក់ទុនបើកជំនួញលើមុខជំនួញនេះ ប្រមាណជិត២ឆ្នាំ។ ហេតុផលដែលលោករៀបចំកម្មវិធីនេះ គឺដើម្បីផ្ដល់ឱកាសឲ្យតំណាងចែកចាយ របស់ក្រុមហ៊ុនចំនួន៣៦០នាក់ ដែលសុទ្ធតែជាអ្នកតំណាងឆ្នើមៗ បានជួបគ្នា បានស្គាល់គ្នា បានចែករំលែកបទពិសោធន៍ជោគជ័យគ្នា និងសំខាន់បំផុត គឺប្រមូលផ្ដុំពួកគាត់ឲ្យមកទទួលការបណ្ដុះបណ្ដាល ដល់ផ្នែកថតសែលហ្វី និងថតផលិតផល ដើម្បីឲ្យការបង្ហោះលក់ កាន់តែមានភាពទាក់ទាញ។ ក្នុងនោះក៏បង្រៀនពីបច្ចេកទេសសរសេរបង្ហោះ និងពីតិកនិកក្នុងការពន្យល់អតិថិជន ហើយដោយសារតែមុខជំនួញ ដែលបានកើតឡើង គឺផ្ដើមពីកម្លាំងសាមគ្គី របស់តំណាងចែកចាយទាំងអស់ ទើបលោកសម្រេចដាក់ឈ្មោះកម្មវិធីដែលបានធ្វើឡើងថា កម្មវិធី «សាមគ្គីប្រាក់លាន»។
យ៉ាងណាមិញ ក្រុមហ៊ុនធ្លាប់បានធ្វើកម្មវិធីជួបជុំ ជាមួយអ្នកតំណាងរបស់ខ្លួនជាហូរហែមកហើយ ដោយមានទាំងការផ្ដល់រង្វាន់លើកទឹកចិត្ត និងដំណើរកម្សាន្តនៅក្រៅប្រទេសផង។ មកទល់ពេលនេះ ក្រុមហ៊ុនមានតំណាងចែកចាយ នៅទូរទាំងប្រទេសប្រមាណជាង២០០០នាក់ ដូច្នេះទើបក្រុមហ៊ុននឹងមាន គម្រោងបើកវគ្គបណ្ដុះបណ្ដាលបែបនេះ លើកក្រោយធំជាងនេះ បន្ទាប់ពីបញ្ចប់កម្មវិធី «សាមគ្គីប្រាក់លាន» ទទួលបានជោគជ័យ៕