(ភ្នំពេញ)៖ កន្លងមកពុកម៉ែបងប្អូន ប្រាកដជាបានដឹងច្បាស់ហើយ ចំពោះបុរសជនជាតិបរទេសម្នាក់ សុខចិត្តចាកចេញពីស្រុកកំណើតនាំភរិយា និងកូនៗមករស់នៅក្នុងព្រៃជ្រៅ ដើម្បីជួយអភិរក្សព្រៃឈើ និង​សត្វព្រៃ​ដែលកំពុងរងនូវការបបាញ់កាប់ផ្លាញនាពេលបច្ចុប្បន្ន​។ ការតស៊ូ និងលះបង់របស់លោក Ben Davis បានធ្វើ​មហាជន​​គាំទ្រ​ជា​ថវិកា​ ព្រម​ទាំង​មាន​ការ​កោត​សរសើរ​ជា​ខ្លាំង។ ទន្ទឹម​គ្នា​នោះ​ដែរ ដោយ​ក្ដី​អាណិតអាសូរ ​ព្រះ​ព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត សមាជិក​​កុដលេខ២៤ វត្តនាគវ័ន្ត បាន​ប្រកាស​ឧបត្ថម្ភថវិកា១លានរៀល ព្រម​ទាំង៨០ម៉ឺនរៀល ជារៀងរាល់ខែ រហូត​ដល់១ឆ្នាំពេញ ដល់​លោក Ben Davis​​​ តាម​រយៈ​លោក Tan Kimsour ដើម្បី​ជួយអភិរក្សព្រៃឈើនៅកម្ពុជា។​

​ព្រះ​ព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត សមាជិក​​កុដលេខ២៤ វត្តនាគវ័ន្ត បានបង្ហោះសារនៅលើបណ្ដាញ​ទំនាក់ទំនាក់សង្គម​ថា «ថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ប្អូនប្រុស Tan Kimsour បានមកទទួលអំណោយ​ពី​ខ្ញុំ​ព្រះករុណា​អាត្មា​ភាព ដែលបានប្រកាស​ចង់ចូលរួមជួយឧបត្ថម្ភជាថវិកាចំនួន១,០០០,០០០៛ និង​ឧបត្ថម្ភជាថវិកាបន្ថែម ៨០០,០០០៛ ជារៀងរាល់​ខែចំនួន១ឆ្នាំពេញតែម្តង សរុបថវិកាចំនួន ៩,៦០០,០០០៛ ចាប់ពីខែ០៣នេះតទៅ ជូនដល់លោក បេន និង​ក្រុមគ្រួសារ ដែលជាអ្នកស្រឡាញ់ និងថែរក្សា​ធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជាយើង»

ចំពោះសកម្មភាពសប្បុរសធម៌នេះដែរ មិនមែនជាលើកទី១នោះទេ​​​ ដែលព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ជួយឧបត្ថម្ភដល់ញាតិញោមពុទ្ធបរិស័ទ ជាក់ស្ដែងថ្មីៗនេះព្រះតេជគុណបានជួយស្ត្រីមេម៉ាយ​ម្នាក់​តស៊ូចិញ្ចឹមកូន៤នាក់តែម្នាក់ឯង។

ជួយដល់មន្ត្រីប៉ូលិសម្នាក់​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងតែសម្រាកព្យាបាល​​​​​ នៅមន្ទីពេទ្យលោកសង្ឃ ផងដែរ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​ដើម។ គួរបញ្ជាក់ដែរថា លោក Ben Davis បានមករស់​នៅ​ក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត ៣០ឆ្នាំហើយ ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រូបលោក ​ជាមួយនិង​ក្រុមគ្រួសារ បាននឹងកំពុង​តែរស់នៅក្នុងព្រៃជ្រៅមួយក្នុងខេត្តព្រះវិហារ៕