(ម៉ានីល)៖ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវតតាំងជាមួយក្រុមជើងឯកហ្វីលីពីន Cres Negros នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Rizal Memorial ក្នុងជំនួបបើកឆាកវគ្គសន្សំពិន្ទុប្រចាំពូល G នៃពានរង្វាន់ក្លឹបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2020។

លោក Conor Nestor គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជាបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ក្រុមខ្លួនបានត្រៀមជាស្រេច ដើម្បីការប្រកួតដ៏សំខាន់នេះ។ លោកថា ការប្រកួតជាមួយក្រុមដែលមានខ្ទង់ចំណាយច្រើនជាងខ្លួន ៥ដងបែបនេះ មិនមែនជារឿងងាយស្រួលនោះទេ តែបាល់ទាត់អាចមានរឿងគួរកើតឡើងគ្រប់ពេល ហេតុនេះ គឺលោកទន្ទឹងចង់ឲ្យការប្រកួតនេះមកដល់ឆាប់ៗ។

គ្រូបង្វឹកជនជាតិអៀរឡង់រូបនេះបានបន្ដថា Ceres Negros គឺជាក្រុមខ្លាំងក្នុងតំបន់មួយ ដូច្នេះអ្វីដែលព្រះខ័នរាជស្វាយរៀង ត្រូវធ្វើ គឺខិតខំធ្វើឲ្យបានល្អបំផុត ក្នុងការប្រកួតបើកឆាកនេះ ពិសេសនៅរយៈពេល ១០ ឬ ១៥នាទីចុងក្រោយ កីឡាករម្នាក់ៗត្រូវធានាការប្រកួតប្រជែងរហូតដល់វិនាទីចុងក្រោយ ព្រោះនាទីនេះ អាចជាឱកាសតាមស្មើ ឬជាឱកាសយកឈ្នះក៏ថាបាន។

ចំណែកលោក Risto Vidakovic គ្រូបង្វឹកក្រុមម្ចាស់ផ្ទះវិញបានលើកឡើងថា វាមិនមែនជាការងាយស្រួលនោះទេ សម្រាប់ការប្រកួតប្រជែងក្នុងពូល G ពិសេសក្រុមព្រះខ័នរាជស្វាយរៀង ដ្បិតពួកគេបានចាញ់ម្ដងគត់ ក្នុងលីគកំពូលកម្ពុជាកាលពីឆ្នាំ២០១៩។ តែយ៉ាងណាលោកបានត្រៀមរួចហើយ ដើម្បីប្រជែង ៣ពិន្ទុក្នុងការប្រកួតបើកឆាកក្នុងដីល្ងាចនេះ ហើយលោកក៏មានសង្ឃឹមខ្ពស់ក្នុងការប្រជែងកៅអីវគ្គបន្ដដែរ។

គួរបញ្ជាក់ថា សម្រាប់ពូល G ថ្ងៃនេះ ក្រៅពីក្រុមកម្ពុជា ប៉ះហ្វីលីពីន ក៏មានការប្រកួតដំបូងក្នុងពូល រវាងក្រុមឥណ្ឌូនេស៊ី Bali United ត្រូវបើកទ្វារផ្ទះទទួលក្រុមវៀតណាម Than Quang Ninh ក្នុងម៉ោងដំណាលគ្នាផងដែរ។ ចំពោះប្រកួតបន្ទាប់របស់ក្រុមព្រះខ័នរាជស្វាយរៀងវិញ ពួកគេត្រូវត្រៀមបើកទ្វារផ្ទះទទួលក្រុម Bali United វិញម្ដង នាថ្ងៃទី២៥ ខែកុម្ភៈខាងមុខ៕