(ម៉ាឌ្រីដ)៖ អតីតអ្នកចាំទីឆ្នើម Iker Casillas របស់ក្រុមខ្លាំង Real Madrid របស់អេស្ប៉ាញ នៅពេលនេះ មានគោលបំណងចូលរួមឈរឈ្មោះ ប្រជែងយកតំណែងជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (Spanish Football Federation) នៅចុងឆ្នាំ២០២០នេះ ខណៈរូបលោកនៅមិនទាន់បញ្ចប់អាជីពជាកីឡាករជាផ្លូវការនោះទេ ជាមួយក្រុម FC Porto ហើយលោកក៏កំពុងតែមានតួនាទីជាក្រុមបច្ចេកទេសជាមួយក្លិប តែលោកបានប្រកាសពីគោលបំណងខាងលើទៅកាន់ក្លិបនេះជាមុន។

បុរសវ័យ ៣៨ឆ្នាំ សញ្ជតិអេស្ប៉ាញ Iker Casillas បានចំណាយពេលប្រមាណ ១៧ឆ្នាំជាមួយក្រុមអធិរាជស Real Madrid ដោយលេងជាផ្លូវការបានចំនួន ៧២៥ប្រកួត ហើយបានប្តូរទៅកាន់ក្លិបព័រទុយហ្គាល់ FC Porto នៅឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន គ្រាដែលរូបលោកបានខកខានបង្ហាញខ្លួនលើទីលានចាប់តាំងពីខែមេសា ឆ្នាំ២០១៩ ដោយសារបញ្ហាជំងឺគាំងបេះដូង ខណៈពេល Iker Casillas ក៏មានតួនាទីជាបុគ្គលិកជំនួយការគ្រូបង្វឹកផងដែរ ជាមួយក្លិប FC Porto ខណៈបង្ហាញខ្លួនបាន ១១៦ប្រកួត។

បច្ចុប្បន្ន Iker Casillas ត្រូវបានគេតែងតាំងឡើងមកឈរប្រជែងជាមួយលោក Luis Rubiales ដែលជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ដោយការបោះឆ្នោះនឹងធ្វើឡើងនាចុងឆ្នាំ២០២០នេះ ដោយលោកបានធ្វើការប្រកាសលើបណ្តាញសង្គម Twitter ដោយនិយាយថា «បាទ ខ្ញុំនឹងឈរឈ្មោះជាប្រធានសហព័ន្ធអេស្ប៉ាញ នៅពេលដល់ការបោះឆ្នោតត្រូវបានកោះហៅ»។ ខណៈសមិទ្ធផលដែលលោកមានធ្វើជាមួយក្រុមបាល់ទាត់មានច្រើនដូចជា រួមចំណែកជួយក្រុមលើកពានរង្វាន់ World Cup 2010 និងពានជើងឯកតំបន់អឺរ៉ុប ២លើកនៅឆ្នាំ២០០៨ និងឆ្នាំ២០១២ និងបានឈ្នះពានជាមួយក្រុម Real Madrid រួមមានពាន Champions League ៣លើក និងពាន LaLiga ៥លើក៕