(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសគាំទ្រពេញទំហឹង ចំពោះចំណាត់ការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ជុំវិញការដាក់ពិន័យកីឡាករឡាវ ២រូបគឺ កីឡាករ Khampheng Sayavutthi និង Lembo Saysana មិនឲ្យចូលរួមសកម្មភាពបាល់ទាត់អស់មួយជីវិត។
FFC បានប្រកាសលើទំព័រ Facebook ផ្ទាល់ខ្លួនថា «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រយុទ្ធប្រឆាំងដាច់ខាត ចំពោះអំពើពុករលួយក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ដោយការកំណត់លទ្ធផលប្រកួតទុកជាមុន។ ដោយយោងសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់ទី្វបអាស៊ី (AFC) ស្តីពីការដាក់ពិន័យដល់កីឡាករនៅក្នុងប្រទេសឡាវ ២រូប ដែលពាក់ព័ន្ធនឹងការកំណត់លទ្ធផលទុកជាមុន»។
សេចក្ដីប្រកាសនេះបានធ្វើឡើងបន្ទាប់ពី AFC បានបានប្រកាសដាក់ពិន័យ Khampheng Sayavutthi និង Lembo Saysana មិនឲ្យពាក់ព័ន្ធសកម្មភាពបាល់ទាត់មួយជីវិត ក្រោយរកឃើញពួកគេឃុបឃិតគ្នា ក្នុងការរៀបចំលទ្ធផលទុកមុនក្នុងការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិឡាវ និងហុងកុង កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ខណៈជម្រើសជាតិឡាវ ចាញ់ហុងកុង ៤-០។
ចំពោះការប្រព្រឹត្តរបស់កីឡាករវ័យ ៣៣ឆ្នាំ Khampheng លេងឲ្យក្លឹប Rangsit United F.C នៃលីគលំដាប់ទី៤ របស់ថៃ និងកីឡាករវ័យ ២៥ឆ្នាំ Lembo លេងឲ្យក្លឹប Electricite du Laos លីគកំពូលឡាវនេះ គឺជាកំហុសមិនអាចលើកលែង ផ្ទុយពីមាត្រា ៦៦.១ នៃក្រមវិន័យ និងក្រមសីលធម៌របស់ AFC។ ហេតុនេះទើបគណៈកម្មការវិន័យ និងក្រមសីលធម៌ AFC សម្រេចដាក់ពិន័យអ្នកទាំងពីរ មិនឲ្យចូលរួមសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិតតែម្ដង៕