(ភ្នំពេញ)៖ ផលិតកម្ម BN បានធ្វើពិធីក្រុងពាលីថតខ្សែភាពយន្ត «N Love Series កំពូលស្វាមី» ​ដើម្បីត្រៀមវាយលុកទីផ្សារភាពយន្ត នៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០នេះ ដែលជាការួមចំណែកមួយ លើកស្ទួយភាពយន្តយន្តខ្មែរ ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។ ពិធីនេះត្រូវបាន​ធ្វើឡើងនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រោមវត្តមានតារាសម្ដែងប្រុសស្រីល្បីឈ្មោះ ចូលរួមយ៉ាងច្រើនកុះករ​។

លោក ផុន សេម ​ចាងហ្វាងផលិតកម្ម BN បានថ្លែងក្នុងពិធីក្រុងពាលីរឿងខាងលើនេះ​ ឲ្យដឹងថា ខ្សែភាពយន្ត «N Love Series កំពូលស្វាមី» ជាប្រភេទរឿង បែបមនោសញ្ចេតនាស្នេហាអូនបង បែបកំប្លែង លាយឡំជាមួយឈុតវាយតប់ទាត់ធាក់គ្នាយ៉ាងជក់ចិត្ត និងបង្កប់ដោយការអប់រំជាច្រើន ធ្វើឲ្យអ្នកទស្សនាជក់ចិត្តមិនខាន។

លោកបន្តថា ខ្សែភាពយន្ត N Love Series ឬ «កំពូលស្វាមី» ត្រូវបានផលិតកម្មចាយពេលវេលា ក្នុងការថតរយៈពេល២ខែ។ រីឯដើមទុន​ក្នុងការផលិតខ្ទង់៥ម៉ឺនដុល្លារអាមេរិក។ ចំពោះទីតាំងថតវិញ មាននៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនដូចជា កោះកុងជាដើម។ រឿងនេះគ្រោងនឹងចេញថតនៅថ្ងៃទី ១២ ខែមីនានេះហើយ។ បន្ទាប់ពីរឿងនេះទៅផលិតកម្ម BN ក៏មារឿងថ្មីៗត្រៀមថតជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា ខ្សែភាពយន្ត «N Love Series កំពូលស្វាមី» ចូលរួមសម្ដែងដោយ៖ កញ្ញា ចាន់ ស្រីម៉ី, កញ្ញា សូ សីតា, លោក លឹមម៉េងគ័ង, កញ្ញា អាហ្វុង, លោក រ៉េត សុវណ្ណពន្លឺ ​និងតារាសម្ដែងល្បីៗជាច្រើនដួងទៀត៕