(សេអ៊ូល)៖ យោងតាមសារព័ត៌មានកូរ៉េខាងត្បូងបានចុះផ្សាយថា តារាសម្តែងប្រុស Moon Ji Yoon ដែលលេចវត្តមានក្នុងរឿង «Weightlifting Fairy Kim Bok-Joo» និងរឿង «Cheese in the Trap» បានទទួលមរណភាពក្នុងវ័យ ៣៦ឆ្នាំ កាលពីវេលាម៉ោង ៨៖៥៦នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅកូរ៉េ)។

យោងតាម Family ENT ដែលជាភ្នាក់ងាររបស់តារាប្រុស Moon Ji Yoon បានឲ្យដឹងថា លោក Moon Ji Yoon ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដោយសារមានអាការៈឈឺបំពង់ក។ ដោយសារអាការៈធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យមិនអាចសង្គ្រោះលោក Moon Ji Yoon បានឡើយ ទោះខំអស់ពីសមត្ថភាពក្តី ដោយបានផុតដង្ហើមភ្លាមៗ។

ពិធីបុណ្យសពរបស់តារាប្រុសរូបនេះ ត្រូវបានធ្វើឡើងជាលក្ខណៈឯកជន ដោយសារតែស្ថានភាពពេលនេះកំពុងរាតត្បាតកូវីដ១៩ ម៉្យាងដើម្បីការពារសុវត្ថិភាពអ្នកកាន់ទុក្ខផងនោះ។ ដូច្នេះខាងក្រុមគ្រួសារសព បានបដិសេដមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមពិធីបុណ្យសពឡើយ៕