(ភ្នំពេញ)៖ លោកស្រី កែវ សេដ្ឋា គឺជាអតីតតារាចម្រៀងមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង នាអំឡុងទស្សវត្ស៥០-៦០។ លោកស្រី បានបន្សុលនូវស្នាដៃចម្រៀងពិរោះៗជាច្រើន សម្រាប់សិល្បករជំនាន់ក្រោយ។ ជាពិសេសគ្រប់បទរបស់លោកស្រី មានដូចជាបទ «សារិកា» និង «សង្ឃឹមជានិច្ច» ព្រមទាំងចម្រៀងជាច្រើនទៀត នៅតែត្រូវបានទស្សនិកជននិយមស្តាប់ផងដែរ។ តែយ៉ាងណា ការទទួលមរណភាពរបស់ លោកស្រី កែវ សេដ្ឋា នៅពេលនេះ គឺបានធ្វើឲ្យសិល្បករជំនាន់ក្រោយ និងទស្សនិកជនសោកស្តាយយ៉ាងខ្លាំង ព្រោះប្រៀបបាននឹងការបាត់បង់នូវធនធានដ៏កម្រមួយរបស់កម្ពុជា។

យោងតាមផេក «ក្រុមព្រះសុរិយា» បានបង្ហោះរូបភាព លោកស្រី កែវ សេដ្ឋា មួយចំនួន ភ្ជាប់ជាមួយនឹងសារថា «ក្រុមព្រះសុរិយាទាំងមូល មានសេចក្តីក្តុកក្តួលជាខ្លាំង ក្រោយពីបានទទួលនូវដំណឹងដ៏សែនសោកស្តាយថា លោកស្រី កែវ សេដ្ឋា សិល្បការិនីរៀមច្បង ដែលមានឈ្មោះល្បីល្បាញនាទសវត្ស៥០និង៦០ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានកូនស្រីលោកស្រីនារាជធានីភ្នំពេញ»

ក្រុមព្រះសុរិយា បានបន្តថា «ការបាត់បង់លោកស្រីប្រៀបដូចបាត់បង់នូវធនធានដ៏កម្រពីដែនកម្ពុជទេសយើង ដែលលោកស្រីបានកសាងស្នាដៃ និងតស៊ូគ្រប់យ៉ាងដើម្បីសិល្បៈជាតិយើងតាំងពីលោកស្រីដឹងក្តី រហូតដល់ថ្ងៃលាចាកលោកនេះ។ ចម្រៀងជាច្រើនបទរបស់លោកស្រីនៅតែមានជីវិតដល់សព្វថ្ងៃ ក្នុងក្រអៅបេះដូងរបស់មហាជនខ្មែរដូចជាបទ រាត្រីដែលបានជួបភក្រ្ត , បទ ទ្រូងអនាថា , បទ ទីវាលសត្វយំ , បទ សង្ឃឹមជានិច្ច , បទ សារិកា , បទ ទឹកភ្នែកសូយ៉ា ជាដើម។ ក្រៅពីជាអ្នកចម្រៀងដ៏ល្បី នៃជំនាន់ទី១នៃការកកើតវិស័យចម្រៀងខ្មែរ លោកស្រីជាសិល្បការិនីល្ខោនបាសាក់ យីកេ និងរបាំប្រពៃណីផងដែរ។ ក្រុមព្រះសុរិយាទាំងមូលសូមបួងសួងដល់ដួវវិញ្ញាណក្ខន្ធលោកអុំ អញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ!»