(ភ្នំពេញ)៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៏បានអះអាងថា លោកមិនបារម្ភរឿងកូនក្រុមធ្លាក់ចុះសមត្ថភាព ឬកម្លាំងនោះទេ ព្រោះលោកជឿជាក់លើកូនក្រុមខ្លួន ដែលមានទំនួលខុសត្រូវខ្ពស់រៀងៗខ្លួន។

ការលើកឡើងនេះ ស្របពេលណាហ្គាវើលដ៏បានសម្រាកការប្រមូលផ្ដុំហ្វឹកហាត់បណ្ដោះអាសន្ន បន្ទាប់ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានប្រកាសផ្អាកការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាជាបណ្ដោះអាសន្នកាលពីពេលថ្មីៗ។

លោកថា «ពេលនេះ ក្រុមខ្ញុំសម្រាកហើយ តែយើងឲ្យកីឡាករហាត់រៀងខ្លួន ព្រោះកីឡាករខ្ញុំទាំងអស់មានទំនួលខុសត្រូវខ្ពស់ ចឹងយើងមិនបារម្ភពីបញ្ហាកម្លាំង ឬអីផ្សេងទេ»។ ចំពោះការត្រឡប់មកហ្វឹកហាត់ជុំគ្នាវិញពេលណា លោកក៏មិនទាន់ដឹងដែរ ដោយរង់ចាំស្ងប់ស្ងាត់ជំងឺឆ្លង Covid-19 សិន គឺអាចក្រោយចូលឆ្នាំខ្មែរក៏ថាបាន។

គួរដឹងថា មុនលីគកំពូលកម្ពុជា ផ្អាកលេងបណ្ដោះអាសន្ន ណាហ្គាវើលដ៏ គឺបានឈរលេខ៦ ដោយមាន ៨ពិន្ទុបណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ៤ប្រកួត ឈ្នះ២ និងស្មើ២ តាមពីក្រោយក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ដែលឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១ រកបាន ១៣ពិន្ទុស្មើគ្នា ឈរកំពូលតារាងសប្ដាហ៍ទី៥៕