(ភ្នំពេញ)៖ តារាកំប្លែង ដែលទស្សនិកជនតែងតែឃើញមានលេចវត្តមាន ក្នុងក្រុមរបស់អ្នកនាង ខាត់ សុឃីម គឺនាយ កំប៉ោយ បានទទួលមរណភាពនៅរសៀលថ្ងៃទី២៥ ខែមីនា ដោយសារជំងឺខូចក្រលៀនសងខាង។ ការទទួលមរណភាពរបស់តារាកំប្លែងរូបនេះ មិនត្រឹមតែធ្វើឲ្យក្រុមគ្រួសារមានការសោកស្តាយប៉ុណ្ណោះទេ គឺមានមិត្តសិល្បៈ និងអ្នករួមក្រុមសម្តែងជាច្រើនចូលរួមរំលែកទុក្ខ ជាមួយនឹងការសោកស្តាយ ព្រោះលោកបានលាចាកលោកទាំងវ័យក្មេងបែបនេះ។

ក្នុងផេកផ្លូវការរបស់លោកហេង ឡុង ប្រធានសមាគមន៍សិល្បករខ្មែរបានឲ្យដឹងថា «ចូលរួមរំលែកទុក្ខតារាកំប្លែងនាយកំប៉ោយបានស្លាប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មុននេះបន្តិច ។ នាពេលកន្លងមក សមាគមមិត្តសិល្បៈស័គ្រ្មចិត្តជួយសង្គម បានឧបត្ថម្ភ «មូលនិធិសិល្បករចាស់ជរា» ជាថវិការ និងអង្ករជារៀងរាល់ខែ រយៈពេល៦ខែមកហើយ ជូននាយកំប៉ោយ ដែលគាត់មានជំងឺខូចក្រលៀនសងខាង»

យ៉ាងណាមិញ ដំណឹងទទួលមរណភាពរបស់តារាកំប្លែងរូបនេះ បានធ្វើឲ្យមិត្តរួមអាជីព និងរាមច្បងក្នុងសិល្បៈមានការសោកស្តាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃសពផងដែរ៕