(ភ្នំពេញ)៖ អាណិកជនខ្មែរម្នាក់រស់នៅប្រទេសជប៉ុន គឺអ្នកស្រី ណាវី មីស៊ុស៊ីម៉ា បាននិពន្ធ និងច្រៀងចម្រៀងមួយបទ ក្រោមចំណងជើងថា «សង្គ្រាមកូវីដ-១៩» ខណៈដែលបទចម្រៀងនេះ បានបង្ហាញពីសោកនាដកម្មកើតចេញពីជំងឺផ្លូវដង្ហើម ដ៏កាចសាហាវ ដែលពិភពលោកកំពុងមានការព្រួយបារម្ភខ្លាំង និងអំពាវនាវឲ្យចូលរួមទប់ស្កាត់ជាសកល។
នៅក្នុងវីដេអូបទចម្រៀងមានរយៈពេល៥នាទី របស់អ្នកស្រី មីស៊ុស៊ីម៉ា បានបង្ហាះថ្មីៗនេះ ទទួលបានការគាំទ្រយ៉ាងច្រើន ពីពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេស។ ខ្លឹមសារបទចម្រៀងចង់បង្ហាញពីភាពសង្វេគ និងរន្ធត់ នៅពេលពិភពលោក កំពុងរងទុក្ខសោក ដោយសង្គ្រាមមិនបង្ហូរឈាម តែវាជាសង្គ្រាមងងឹត និងកាចសាហាវ ព្រោះតែសត្រូវនេះតូច មើលមិនឃើញពិតមែន។
ក្នុងនោះ អ្នកស្រី មីស៊ុស៊ីម៉ា ចង់បង្ហាញពីផលប៉ះពាល់ធំធេង កើតចេញពីកូវីដ-១៩ ពោលគឺមនុស្សគ្រប់គ្នា ដែលនៅមានជីវិតគេចផុតពីជំងឺនេះ ត្រូវសម្ងំលាក់ខ្លួនក្នុងផ្ទះ ដោយមិនបានទៅធ្វើការរកចំណូលអ្វីទាំងអស់ ហើយមនុស្សអាចនឹងដាច់ពោះ ឬប៉ះពាល់សេដ្ឋកិច្ចគ្រួសារកាន់តែធ្ងន់ធ្ងរ បើស្ថានភាពឆ្លងជំងឺនេះមិនថយចុះ ឬរកថ្នាំបង្កាឃើញនោះទេ។ បទនេះត្រូវបានអ្នកស្រីបញ្ជាក់ថា យកលំនាំតាមបទ Solenzara ដែលជាបទរបស់លោក Enrico Macias និពន្ធនាអំឡុងឆ្នាំ១៩៦៦។
សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ នេះ បានប្រកាសថា មិនចាំបាច់ត្រូវប្រកាសភាពអាសន្ន ក្នុងពេលនេះឡើយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ ធ្លាប់បានលើកឡើងមួយថ្ងៃមុននេះថា ការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) គឺជាវិបត្តិមួយរបស់ជាតិ។
ការបញ្ជាក់ជំហរខាងលើនេះ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ស៊ូហ្គា យូស៊ីហ៊ីដេ (Yoshihide Suga) ខណៈដែលជប៉ុនទើបមានអ្នកឆ្លង COVID-19 សរុបជាង ១,០០០ករណី និងអត្រាស្លាប់ ស្ថិតក្នុងកម្រិតទាបនៅឡើយ បើធៀបនឹងបណ្តាប្រទេសធំៗមួយចំនួន ដូចជាប្រទេសចិន និងកូរ៉េខាងត្បូង ដែលនៅក្បែរខាងនោះ។
ទោះបីជាបែបនេះក្តី នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានសម្រេចបង្កើតកងកម្លាំងពិសេស ទប់ទល់នឹងវិបត្តិបង្កឡើងដោយ COVID-19 រួចទៅហើយ ដែលសកម្មភាពនេះ ត្រូវបានគេមើលឃើញថា ជាការបោះជំហានទៅរកការប្រកាសភាពអាសន្ន ខណៈដែលការប្រកួតកីឡា អូឡាំពិកនៅជប៉ុន ក៏ត្រូវបានសម្រេចពន្យារពេលទៅឆ្នាំ២០២១ រួចទៅហើយដែរ៕