(ភ្នំពេញ)៖ ក្រៅពីមានប្រជាប្រិយភាពក្នុងវិស័យសិល្បៈ តារាចម្រៀងប្រុសលោក សុគន្ធ ថេរ៉ាយុ ក៏ត្រូវបានមហាជនដឹងថាកំពុងមានជំនួញធំមួយក្នុងដៃផងដែរ។ ទន្ទឹមគ្នានេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម តារាប្រុសរូបនេះតែងតែចែករំលែកជីវិតឯកជនជាបន្តបន្ទាប់ ដើម្បីឲ្យទស្សនិកជនបានជ្រាប។ យ៉ាងណាមិញ ជាដំណឹងមួយសោកស្តាយ ដោយការចែករំលែកព័ត៌មាននៅពេលនេះ លោកសុគន្ធ ថេរ៉ាយុ បានបង្ហាញនូវការក្រៀមក្រំ ដោយឪពុករបស់លោក បានទទួលមរណភាព ដោយសាររោគគាពាធ។
ជាក់ស្តែងតាមរយៈបណ្តាញសង្គមរបស់លោកសុគន្ធ ថេរ៉ាយុ បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងឪពុក ភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា «វាពិតជាលឿនណាស់សំរាប់ខ្ញុំនឹងក្រុមគ្រួសារ ប៉ាបានចាកចេញពីពួកខ្ញុំលឿនខ្លាំងណាស់ ខ្ញុំសឹងតែមិនចង់ជឿ។ សូមអោយប៉ាទៅកាន់សុគតិភព ចំពោះប្អូនៗប៉ាកុំបារម្ភខ្ញុំនឹងមេីលថែរប្អូនៗអោយបានល្អ ប៉ាហត់ហេីយប៉ាសំរាន្តចុះ។ ប៉ា Alex Chan បានទទួលមរណភាពថ្ងៃច័ន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ វេលាប្រហែលជិតភ្លឺ ដោយរោគគាពាធ»។
តាមរយៈការបង្ហោះសារខាងលើ តារាចម្រៀងប្រុស សុគន្ធ ថេរ៉ាយុ មិនបានបង្ហាញនោះទេថា តើឪពុករបស់លោកមានជំងឺអ្វីនោះ។ តែយ៉ាងណា ជាមួយនឹងដំណឹងដ៏ក្រៀមក្រំនេះ មិត្តក្នុងបណ្តាញសង្គម ព្រមទាំងអ្នករួមអាជីពសិល្បៈ បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោកសុគន្ធ ថេរ៉ាយុ និងបួងសួងឲ្យឪពុករបស់លោកបានទៅកាន់សុគតិភពផងដែរ៕