(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់អង់គ្លេស Tottenham Hotspur បានប្រកាសពីការកាត់ប្រាក់ខែបុគ្គលិកទាំងអស់ (non-playing staff) ៥៥០នាក់នូវចំនួនទឹកប្រាក់ ២០% លើកលែងតែកីឡាករនៅអំឡុងក្លិបផ្អាកការប្រកួតជាបណ្តោះ អាសន្ន ដោយសារវិបត្តិវីរុស Covid-19។

លោក Daniel Levy ម្ចាស់ភាគហ៊ុនក្លិប Spurs បានថ្លែងសារដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានឲ្យដឹងថា «យើងទាំងអស់គ្នាត្រូវតែរួបរួម ដើម្បីប្រយុទ្ធប្រឆាំងទៅនឹង Covid-19។ ពួកយើងគ្មានជម្រើសអ្វីក្រៅពីប្រឈមមុខទៅនឹងបញ្ហាដែលបានកំពុងតែកើតឡើងនេះ តែជីវិតនឹងត្រឡប់មកជាធម្មតាវិញ ក្រោយពេលជំងឺនេះបានផុតរលត់ទៅវិញ»

ក្នុងសាររបស់លោក Levy ក៏បានបញ្ជាក់ទៀតដែរថា ចំពោះការកាត់ប្រាក់ខែកីឡាករ ក៏ដូចជាគ្រូបង្វឹកនឹងត្រូវធ្វើឡើង ក្រោយពេលថ្នាក់ដឹកនាំជួបពិភាក្សាជាមួយ Premier League, PFA និង LMA ដោយអនុលោមទៅតាមប្រព័ន្ធសេដ្ឋកិច្ចក្នុងបាល់ទាត់។

គួរបញ្ជាក់ផងថា ក្លិបបាល់ទាត់ Newcastle United បានក្លាយជាក្លិបនៅ Premier League ដំបូងគេ ដែលអនុញ្ញាតបុគ្គលិកដាក់ពាក្យឈប់ ប្រសិនបើបដិសេធកាត់ប្រាក់ខែរបស់គេ គ្រាដែលក្លិបធំៗនៅអឺរ៉ុបផ្សេងទៀតរួមមាន FC Barcelona ព្រមព្រៀងកាត់ប្រាក់ខែ ៧០%របស់កីឡាករគ្រប់រូប ជាមួយ Juventus, Bayern Munich និង Borussia Dortmund សុទ្ធតែព្រមព្រៀងកាត់ប្រាក់ពលកម្មដូចៗគ្នាទាំងអស់៕