(ភ្នំពេញ)៖ នៅក្នុងចំណោមតារាហ្វេសប៊ុក ​មានកេរ្តិ៍ឈ្មោះបោះសំឡេង គេកត់សម្គាល់ថា អ្នកនាង Love Riya នៅពេលនេះ បានវិវត្តន៍ខ្លួន ក្លាយជាតារាសម្ដែងអាជីពនោះ ហាក់មិនសូវត្រូវបានគេចាប់អារម្មណ៍ រឿងសប្បុរសធម៌ប៉ុន្មានទេ ដោយអ្នកនាងច្រើនត្រូវបានគេ​ ចាប់អារម្មណ៌រឿងរ៉ាវឯកជន និងសម្រស់ច្រើនជាង។ ប៉ុន្តែបើក្រឡេកមើលនៅ​ក្នុងអាក់ខោន អ្នកគាំទ្ររបស់អ្នកនាងវិញ គឺថា បង្ហោះពីសកម្មភាពចែក អំណោយស្ទើររាប់ភ្លេចទៅហើយ។

នៅក្នុងហ្វេសប៊ុកដែលថេកឲ្យអ្នកនាង Love Riya ហើយត្រូវបានអ្នកគាំទ្រជាច្រើនចែកចាយ ធ្វើឲ្យម្នាក់ៗលាន់មាត់សរសើរតែម្ដង ដោយសារតែសកម្មភាពនោះ គឺសុទ្ធតែជាសកម្មភាពធ្វើទានទ្រង់ទ្រាយធំៗ ប៉ុន្តែគេបែរជាហាក់ដូចជាមិនឃើញ​ អ្នកនាងផ្សាយបង្អួត ដូចតារាហ្វេសប៊ុកមួយចំនួន។ រាល់ពេល Live ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន Love Riya អ្នកនាងកម្រនិយាយពីគុណសម្បត្តិរបស់ខ្លួនថា បានទៅចែកអំណោយ នៅកន្លែងនេះកន្លែងនោះខ្លាំងណាស់ ដោយគេកត់សម្គាល់ថា អ្នកនាងច្រើនតែលើកឡើងពីផលិតផល និង​រឿងរ៉ាវឯកជនច្រើនជាង។

អ្នកនាង Love Riya ធ្លាប់បានបញ្ជាក់ថា អ្នកនាងគឺជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និង​ចូលចិត្តជួយមនុស្សខ្សត់ខ្សោយ តាំងពីអ្នកនាងមិនទាន់រៀបការ និង​លែងលះគ្នា ប៉ុន្តែមកពីអ្នកនាងមិនចង់ឲ្យគេថា អ្នកនាង ធ្វើបុណ្យយកមុខ ទើបមិនសូវបង្ហោះ​ ហើយបើមានអ្នកកាសែតចូលសម្ភាសន៍ គឺអ្នកនាងមានតែស្នើកុំឲ្យផ្សព្វផ្សាយ។ អ្នកនាងបានបញ្ជាក់ក្នុងវីដេអូ Live កាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០២០ថា មនុស្សមួយចំនួនយល់ថា អ្នកនាងមិនចេះធ្វើបុណ្យ តែសម្រាប់អ្នកដើរជាមួយអ្នកនាង គឺដឹងហើយថា​ អ្នកនាងបានរួមចំណែកធ្វើបុណ្យរាប់ភ្លេចបែបណា។

អ្នកនាងបន្តថា ធ្វើទាន គឺធ្វើចេញពីចិត្ត ដូច្នេះបើទោះជាអ្នកណាមិនដឹង ក៏អ្នកទទួលអំណោយអ្នកនាងបានដឹងអំពើល្អ របស់អ្នកនាងនោះដែរ។ ​ជាមួយនឹងការបកស្រាយ អមដោយអ្នកគាំទ្រចែកចាយរូបភាព ធ្វើទានជាច្រើននោះ រឹតតែធ្វើឲ្យម្នាក់ៗ កោតសរសើរ ដែលនេះគឺជាទង្វើធ្វើទានចេញចិត្ត ដែលជារឿងកម្រមួយនៅក្នុងសង្គម៕