(មែនឆេស្ទើ)៖ យោងតាមការចេញ​ផ្សាយដោយ Dailystar នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United ដែលស្ថិតក្នុងក្របខណ្ឌបាល់ទាត់អង់គ្លេស បានកំពុងតែពិចារណាក្នុងការទិញយកខ្សែការពារកណ្តាលឆ្នើមវ័យក្មេង Matthijs de Ligt ដែលស្ថិតនៅជាមួយក្រុមអ៊ីតាលី Juventus ដោយមានគម្រោងថែម Paul Pogba ផងដែរ។

នេះក៏មិនមែនជាលើកទី១ ដែល Man Utd បានធ្វើការចាប់អារម្មណ៍ទៅកាន់ខ្សែការពារសញ្ជាតិហូឡង់ Matthijs de Ligt ខណៈកាលពីរដូវកាលមុន ក៏ធ្លាប់ធ្វើការទាក់ទង តែខ្សែការពារូបនេះបានព្រមព្រៀងផ្ទេរពីក្លិប Ajax ក្នុងតម្លៃប្រមាណ ៦៧.៥លានផោន ទៅកាន់ក្លិបសេះបង្កង់ Juventus នៃក្របខណ្ឌ Serie A។

បច្ចុប្បន្នក្រុមដែលដឹកនាំដោយលោក Ole បានកំពុងតែពិចារណាធ្វើការផ្លាស់ប្តូរមួយក្នុងន័យដែលអតីតយកខ្សែបម្រើប្រយុទ្ធ Paul Pogba ធ្វើជានុយទៅកាន់ក្លិប Juventus ក្នុងការនាំយកកីឡារកវ័យ ២០ឆ្នាំ សញ្ជាតិហូឡង់ Matthijs de Ligt មកកាន់ទីលាន Old Trafford គ្រាដែលខ្សែការពាររូបនេះបានកំពុងតែមានប្រាក់ឈ្នួល ១៨០,០០០ផោនក្នុង១សប្តាហ៍ ក្នុងក្លិបដែលស្ថិតក្នុងទីក្រុងតូរីនខាងលើនេះ ដែលកំពុងជួបភាពត្រដាបត្រដួសក្នុងការជាប់ជម្រើស ១១នាក់ដំបូងផងនោះ៕