(ភ្នំពេញ)៖ មិនខុសពីបណ្ដាក្លិបមួយចំនួននៅលើពិភពលោកនោះទេ ក្លិបបឹងកេត នៃលីគកំពូលកម្ពុជា ក៏បានធ្វើការសម្រេច និងឯកភាពក្នុងការកាត់ប្រាក់បៀវត្សរ៍របស់កីឡាករ គ្រូបង្វឹក និងបុគ្គលិកចំនួន ៥០% ដើម្បីធានានិរន្ដរភាពក្លិបក្នុងគ្រាមានវិបត្តិជំងឺ Covid-19។

លោក បែ មករា អគ្គលេខាធិការអតីតក្លិបជើងឯក ៣សម័យកាលនេះបានបញ្ជាក់ថា ការកាត់បន្ថយប្រាក់បៀវត្សរ៍នេះ គឺកើតចេញពីការឯកភាពរបស់កីឡាករ គ្រូបង្វឹក បុគ្គលិក និងថ្នាក់ដឹកនាំក្រុមទាំងអស់ក្នុងន័យរួមចំណែកសម្រាលបន្ទុករបស់ប្រធានក្លិប ដែលដឹកនាំដោយលោកស្រី ពុធ ធីតា ដ្បិតការចំណាយដ៏ច្រើន ដើម្បីទ្រទ្រង់ក្លិបកន្លងមក ភាគច្រើនគឺជាថវិកាផ្ទាល់របស់គ្រួសារលោកស្រី។

លោកថា «យើងដឹងហើយ វិបត្តិ Covid-19 បានជះឥទ្ធិពលច្រើនដល់វិស័យសេដ្ឋកិច្ចទូទាំងពិភពលោក ហើយបឹងកេត ក៏រងផលប៉ះពាល់ដែរ។ យើងដឹងហើយប្រធានក្លិបប្រើប្រាស់ថវិកាមួយចំនួនធំ គឺជាថវិកាផ្ទាល់ខ្លួន ហើយពេលរងផលប៉ះពាល់មុខជំនួញផ្សេងៗ...។ អញ្ចឹងដើម្បីជួយក្លិប កុំឲ្យមានបន្ទុកធ្ងន់ កីឡាករ គ្រូបង្វឹក បុគ្គលិក និងថ្នាក់ដឹកនាំ យើងសម្រេច និងឯកភាពកាត់បន្ថយប្រាក់ខែចំនួន ៥០% ដើម្បីរួមចំណែកជួយក្លិបក្នុងស្ថានភាពដ៏អាក្រក់នេះ»

គួរបញ្ជាក់ថា បឹងកេត បានក្លាយជាក្លិបដំបូងគេនៅកម្ពុជា ដែលបានអនុវត្តវិធានការខាងលើ ដើម្បីធានានិរន្ដរភាពក្នុងគ្រាមានវិបត្តិដោយសារជំងឺដ៏កាចសាហាវ ស្របពេលក្លិបក៏បានផ្អាកការប្រមូលផ្ដុំហ្វឹកហាត់បណ្ដោះអាសន្នផងដែរ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺ Covid-19 តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា ក្នុងគ្រាលីគកំពូលកម្ពុជា បានពន្យារពេលការប្រកួតបណ្ដោះអាសន្នដូចគ្នា៕