(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ចប់មូលនិធិគ្រួសារកីឡា E-Sports របស់ខ្លួនហើយ ក្រោយបើកទទួលរយៈពេល ១សប្ដាហ៍ កាលពីចុងខែមីនាកន្លងទៅ ដោយទទួលបានថវិកាសប្បុរសធម៌សរុប ១,២៤០ដុល្លារ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19។

លោក ជា ច័ន្ទបូរិបូរណ៍ បានឲ្យដឹងថា ថវិកាទទួលបានខាងលើ គឺមាន ៧៤០ដុល្លារ ជាការចូលរួមឧបត្ថម្ភពីបណ្ដាក្លិបសមាជិកសហព័ន្ធ កីឡាករ-កីឡាការិនី និងអ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិកកម្ពុជា ហើយថវិកា ៥០០ដុល្លារ គឺជាថវិកាផ្ទាល់របស់សហព័ន្ធ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ដែលកំពុងគំរាមកំហែងសុខភាពប្រទេសកម្ពុជា និងពិភពលោក។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការក្រសួងព័ត៌មានខាងលើក៏បានសម្ដែងការអរគុណ ចំពោះសប្បុរសជនទាំងអស់ ក្នុងការចំណាយធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងន័យការពារសុខសុវត្ថិភាព និងសុខភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ចំពោះថវិកាសប្បុរសជននេះ សហព័ន្ធក៏បានប្រគល់ជូនរាជរដ្ឋាភិបាលហើយដែរកាលពីម្សិលមិញ ដោយលោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ៕