(នីយ៉ុង)៖ សហព័ន្ធ UEFA បានប្រកាសពីការពន្យារពេល ប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកស្រ្តីប្រចាំទ្វីបអឺរ៉ុប Women’s European Championship 2021 លើកទៅប្រកួតនៅឆ្នាំ២០២២ ដែលមានអង់គ្លេសធ្វើម្ចាស់ផ្ទះ ដោយសារពិភពលោកទាំងមូលកំពុងជួបវិបត្តិជំងឺផ្លូវដង្ហើម COVID-19។

មួយវិញទៀត ការសម្រេចលើកពេលទៅប្រកួតរហូតដល់ឆ្នាំ២០២២ នេះដែរ គឺដើម្បីកុំឲ្យជាន់គ្នានឹងការប្រកួតកីឡាអូឡាំពិករដូវក្តៅ Tokyo Olympic Games 2021 ដែលមានជប៉ុនធ្វើម្ចាស់ផ្ទះនៅអំឡុងខែកក្កដា និងខែសីហា ឆ្នាំក្រោយ គ្រាដែលក្រុមជម្រើសជាតិស្រ្តីអង់គ្លេស ហូឡង់ និងស៊ុយអែត សុទ្ធតែបានទៅវគ្គចែកពូលដូចគ្នា។

រឿងបន្ត UEFA នឹងកោះប្រជុំសមាជិកភាពទាំង ៥៥ទូទាំងទ្វីបអឺរ៉ុប ដើម្បីស្វែងរកកាលបរិច្ឆេទពិតប្រាកដរួមមួយ ដើម្បីកុំឲ្យជាន់ទៅនឹងព្រឹត្តិការណ៍ Commonwealth Games ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅទីក្រុង Birmingham នៃប្រទេសអង់គ្លេសដូចគ្នា៕