(បរទេស)៖ តារាសម្តែងជនជាតិអង់គ្លេសលោក Andrew Jack ដែលមានវត្តមានសម្តែងក្នុងខ្សែភាពយន្ត «Star Wars» ជាតួអង្គ Major Ematt បានទទួលមរណភាពក្នុងវ័យ៧៦ឆ្នាំ ដោយសារកូវីដ១៩។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។

បើតាមលោកស្រី Jill McCullough ដែលជាភ្នាក់ងាររបស់ Andrew Jack បានឲ្យដឹងថា លោកបានទទួលមរណភាពនៅថ្ងៃអង្គារ៍ ក្នុងមន្ទីពេទ្យ Surrey ប្រទេសអង់គ្លេស ដោយសារតែជំងឺឆ្លងកូវីដ១៩។

Andrew Jack ស្នាក់នៅនិងធ្វើការលើទូក ដែលមានអាយុកាលចំណាស់មួយ ហើយលោកគឺជាមនុស្សឯករាជ្យម្នាក់ ដែលស្រឡាញ់ប្រពន្ធរបស់លោកជាខ្លាំង។ គួរឲ្យសោកស្តាយ ប្រពន្ធរបស់លោកមិនបានជួបមុខលោក ជាលើកចុងក្រោយឡើយ ដោយសារតែលោកស្រី រស់នៅដោយឡែក ក្នុងប្រទេសអូស្ត្រាលី ហើយក៏ទើបតែហោះហើរពីប្រទេស New Zealand កាលពីសប្តាហ៍មុន។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកស្រី Jill McCullough។

រំលឹកពីជីវិតការងាររបស់ Andrew Jack, លោកគឺជា គ្រូបង្វឹកគ្រាមភាសា សម្រាប់ខ្សែភាពយន្តល្បីៗជាច្រើន ដូចជារឿង «Guardians of the Galaxy», រឿង The Lord of the Rings» និងរឿង «The Avengers»។ ក្រៅពីសម្តែងជាតួអង្គ Major Ematt ក្នុងរឿង «Star Wars» ក្នុងវគ្គ The Force Awakens តារាជើងចាស់វ័យ ៧៦ឆ្នាំរូបនេះ ក៏ជាអ្នកបញ្ចូលសំឡេងឲ្យតួអង្គ Moloch ក្នុងរឿង «Star Wars» ផងដែរ។

ការទទួលមរណភាពរបស់លោក Andrew Jack បានធ្វើឲ្យអ្នកសិល្បៈរួមអាជីព និងអ្នកគាំទ្រជាច្រើនសោកស្តាយ ព្រោះនេះជាការបាត់បង់បុគ្គលដ៏មានសមត្ថភាពមួយរូបក្នុងសិល្បៈ៕