(ប្រុចសែល)៖ ក្របខណ្ឌបាល់ទាត់ Pro League ត្រូវបានប្រកាសបិទរដូវកាលមុនគេ ដោយសារវិបត្តិ COVID-19 ដ្បិតនៅតែសល់ ១ប្រកួតទៀតប៉ុណ្ណោះដែលត្រូវលុបចោលក្នុងចំណោម ៣០ប្រកួត ដោយជើងឯកសម្រេចផ្តល់ឲ្យក្រុម កំពូលតារាង Club Bruges។

លីគប៊ែលហ្សិក បានក្លាយជាលីគធំនៅអឺរ៉ុបដែលប្រកាសពីការបិទរដូវកាលឆ្នាំ២០១៩-២០២០ មុនគេ បន្ទាប់ពីដំណើរការប្រកួតបាន ២៩សប្តាហ៍មកនេះ ហើយជើងឯកសម្រេចផ្តល់ឲ្យក្រុមដែលកំពុងនាំមុខកំពូលតារាង ដាច់ដល់ ១៥ពិន្ទុ Club Bruges តាមពីក្រោយដោយក្លិប Gent។

បន្ថែមលើនេះ ប្រមុខដឹកនាំនៃសហព័ន្ធកីឡាបាល់ទាត់ប៊ែលហ្សិកនឹងប្រជុំពិភាក្សាគ្នា ដើម្បីសម្រេចថាតើក្រុមណា ត្រូវកាត់ចេញពីលីគកំពូល និងក្រុមណាខ្លះនឹងឡើងមកជំនួសវិញនារដូវកាលក្រោយឆ្នាំ២០២០-២០២១។

គួររំលឹកផងថា លីគបាល់ទាត់នៃប្រទេសប៊ែលហ្សិក Pro League បានប្រកាសផ្អាកការប្រកួតបណ្តោះអាសន្នកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ដោយសារវិបត្តិ COVID-19 ផ្ទុកខ្លាំងពេកនៅតំបន់អឺរ៉ុប មុនឈានដល់បិទរដូវកាលផ្លូវការដែលត្រូវបានធ្វើឡើងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នេះ៕