(សេអ៊ូល)៖ តារាសម្តែង និងជាតារាចម្រៀងក្នុងក្រុម «Supernova» លោក Yoon Hak ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩។ Yoon Hak ក៏ត្រូវបានកត់សម្គាល់ថា គឺជាតារាកូរ៉េដំបូងគេបង្អស់ ដែលបានឆ្លងកូវីដ១៩។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នេះបានចុះផ្សាយថា លោក Yoon Hak បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ តារាប្រុសវ័យ ៣៧ឆ្នាំរូបនេះ ក្រៅពីធ្វើជាសមាជិកក្នុងក្រុមចម្រៀង «Supernova» ហើយនោះ ក៏ត្រូវបានគេដឹងថា ជាអ្នកផលិតកម្មវិធីមួយរូប នៅប្រទេសជប៉ុនផងដែរ។ បច្ចុប្បន្នលោក មានវត្តមាន ក្នុងនាមជាអ្នកផលិតកម្មវិធីមួយ ឈ្មោះថា «G-EGG»។

គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្រោយពីត្រឡប់មកពីប្រទេសជប៉ុន, Yoon Hak បានកត់សម្គាល់ថា មានអាការៈមួយចំនួន នៃជំងឺឆ្លងកូវីដ១៩។ បន្ទាប់មក លោកបានទៅធ្វើតេស្ត នៅថ្ងៃទី៣១ ខែមីនា ហើយមួយថ្ងៃក្រោយមក ក៏ទទួលបានលទ្ធផល ដែលបង្ហាញថា បានឆ្លងកូវីដ១៩។ បច្ចុប្បន្នលោកកំពុងដាក់ឲ្យនៅដាច់ដោយឡែក និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យក្នុងទីក្រុងសេអ៊ូល៕