(ភ្នំពេញ)៖ តារាសម្ដែងដ៏ល្បី កំពុងមានប្រជាប្រិយភាព និង​ទើបនឹងជួបរឿងទុក្ខសោក ខណៈអ្នកម្ដាយបានទទួលមរណភាព​ កាលពីថ្មីៗនេះ គឺតារាសម្ដែង សូ ដានីតា បានដាច់ចិត្តសរសេរបង្ហោះជាសាធារណៈ ព្រមានចាត់វិធានការ ប្ដឹងលើអ្នកដឹកនាំសម្ដែងល្បីឈ្មោះ នៅក្នុងផលិតកម្មថោន គឺលោក ឃុន ធារិទ្ធិ ហៅ Rith Omega រឿងមិនព្រមចេញមុខដោះស្រាយបំណុល​ ដែលបានជំពាក់រូបនាងរាប់ខែមកហើយ។

យោងទៅលើគណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែង សូ ដានីតា បានសរសេររៀបរាប់ឲ្យដឹងថា «នាងខ្ញុំ សូ ដានីតា សូមប្រកាសរក​ឈ្មោះ (Rith Omega) ចេញមុខមក​ដោះស្រាយលុយចំនួន 6500$ ព្រោះបំពានសន្យា ដែលមានស្នាមមេដៃជាច្រើនដងហើយ ដោយតេមិនលើក បិទទូរស័ព្ទ។ បើមិនចេញមកខ្ញុំដាក់បណ្តឹង ឡើងដល់តុលាការ»

យ៉ាងណាមិញ តាមរយៈការបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើល រឿងជំពាក់បំណុលគ្នាបែបនេះ ពីសំណាក់តារាសម្ដែងកញ្ញា សូ ដានីតា គឺបន្ទាប់ពីម្ដាយរបស់នាង បានទទួលមរណភាព និងបានរៀបចំពិធីបុណ្យ៧ថ្ងៃរួចរាល នាពេលថ្មីៗនេះ។ ​គេមិនទាន់ដឹងនោះទេថា តើនាងមានការខ្វះខាត ការធ្វើបុណ្យឲ្យម្ដាយរបស់នាង ឬក៏យ៉ាងណានោះទេ ទើបធ្វើឲ្យនាងដាច់ចិត្តទម្លាយ រឿងលោក Rith Omega ជំពាក់លុយ ហើយមិនចេញមុខដោះស្រាយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀត នៅក្នុងសំណេរខ្លីរបស់ សូ ដានីតា បានសង្កត់ធ្ងន់ថា លោក Rith Omega បានបំពានសន្យា ទាំងដែលខ្លួនបានផ្ដិតមេដៃជាច្រើនដង និងបិទទូរស័ព្ទខលមិនចូលទៀតផង។ ​

ជាមួយគ្នានេះ គេក៏មិនទាន់ដឹងច្បាស់ថា តើលោក ឃុន ធារិទ្ធិ ហៅ Rith Omega ជំពាក់លុយ តារាសម្ដែង សូ ដានីតា តាំងពីឆ្នាំណានោះទេ ទើបតែពេលនេះ នាងដាច់ចិត្តចេញមុខបកអាក្រាតជាសាធារណៈបែបនេះ។ ក្នុងនោះគេក៏នៅមិនទាន់ឃើញ ភាគី​ខាងលោក Rith Omega ចេញមុខបំភ្លឺនោះដែរ៕