(សេអ៊ូល)៖ យោងតាមសារព័ត៌មានកូរ៉េខាងត្បូងបានចុះផ្សាយថា បុគ្គលិកម្នាក់របស់ផលិតកម្ម Yuehua Entertainment ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ ខណៈសមាជិក៦នាក់ នៃក្រុមចម្រៀងនារី «Everglow» ដែលស្ថិតក្នុងផលិតកម្មខាងលើ បានធ្វើតេស្តអវិជ្ជមានចំពោះកូវីដ១៩។

យោងតាមការជូនដំណើរជាផ្លូវការពីផលិតកម្ម Yuehua Entertianment បានបន្ថែមថា បុគ្គលិកដទៃទៀត ដែលធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលិកម្នាក់នោះ ដែលមានកូវីដ១៩ កំពុងធ្វើតេស្ត ខណៈខ្លះបានទទួលលទ្ធផលអវិជ្ជមាន និងខ្លះទៀតកំពុងរងចាំលទ្ធផល។

យ៉ាងណាមិញ សម្រាប់ក្រុមចម្រៀងនារី «Everglow» ទោះបីជា ក្នុងចំណោមពួកគេទាំងអស់ ចេញលទ្ធផលអវិជ្ជមានក្តី ប៉ុន្តែខាងផលិតកម្ម បានសម្រេចលុបចោលគម្រោងទាំងអស់ ដើម្បីធានានូវសុវត្ថិភាពរបស់ពួកគេ ហើយឲ្យពួកគេនៅដាច់ដោយឡែករយៈពេល២សប្តាហ៍។

គួរជម្រាបថា ជាមួយនឹងការរកឃើញបុគ្គលិកម្នាក់ របស់ខ្លួនមានកូវីដ១៩ ផលិតកម្ម Yuehua Entertainment បានសម្តែងនូវការសូមអភ័យទោស ដែលបង្កការព្រួយបារម្ភចំពោះមហាជន។ បន្ថែមពីនេះ ខាងផលិតកម្មក៏បានសន្យាថា នឹងធ្វើអ្វីគ្រប់យ៉ាងឲ្យអស់លទ្ធភាព ដើម្បីការពារបុគ្គលិករបស់ខ្លួនពីជំងឺឆ្លងកូវីដ១៩៕