(បរទេស)៖ កាលពីថ្ងៃទី០៣ ខែមេសា ផលិតកម្ម Yue Hua Entertainment បានជូនដំណឹងថា បុគ្គលិកម្នាក់របស់ខ្លួនមានកូវីដ១៩ ខណៈជាច្រើននាក់ទៀតកំពុងរងចាំលទ្ធផលធ្វើតេស្ត។ យ៉ាងណាមិញ នៅពេលនេះខាងផលិតកម្ម ជូនដំណឹងបន្ថែមថា បុគ្គលិករបស់ខ្លួនម្នាក់ទៀតហើយ ដែលមានកូវីដ១៩។ រហូតមកទល់នឹងពេលនេះ បុគ្គលិករបស់ Yue Hua Entertainment សរុបចំនួន២នាក់ មានកូវីដ១៩។

ពីដើមឡើយផលិតកម្ម Yue Hua Entertainment បានប្រកាសថា បុគ្គលិកម្នាក់របស់ខ្លួន ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ ក្រោយពីត្រឡប់មកដល់ប្រទេសកូរ៉េ បន្ទាប់ពីទៅចូលរួមកម្មវិធីដំណើរកំសាន្តនៅសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី៣ដល់១៥ ខែមីនា កន្លងទៅ។ បន្ទាប់មកបុគ្គលិក ដែលធ្លាប់មានទំនាក់ទំនងជាមួយនឹងបុគ្គលិកដំបូង ដែលមានកូវីដ១៩ ត្រូវបានបញ្ចូនឲ្យទៅធ្វើតេស្ត និងកំពុងរងចាំលទ្ធផល ហើយរហូតមកទល់នឹងពេលនេះ គឺរកឃើញបុគ្គលិកម្នាក់ទៀតដែលមានកូវីដ១៩ ដែលធ្វើឲ្យចំនួននាក់ឆ្លងកូវីដ១៩ ក្នុងផលិត Yue Hua Entertainment សរុបពេលនេះមាន ២នាក់។

គួរជម្រាបថា សមាជិកក្រុមចម្រៀងនារី EVERGLOW ទាំង៦នាក់ ដែលមានទំនាក់ទំនងជាមួយបុគ្គលិកមានកូវីដ១៩ ក៏ត្រូវបានធ្វើតេស្តដែរ ហើយលទ្ធផលគឺអវិជ្ជមានទាំងអស់។ រហូតមកទល់នឹងពេលនេះ ផលិតកម្ម Yue Hua Entertainment បាននឹងបន្តតាមដានបុគ្គលិកផ្សេងទៀត ដែលធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកទាំងពីរនាក់ដែលមានកូវីដ១៩ ដើម្បីធានានូវសុវត្ថិភាពរបស់បុគ្គលិករបស់ខ្លួន៕