(ក្រុងឡុងដ៍)៖ បណ្តាក្លិបទាំងអស់ដែលកំពុងលេងក្នុងលីគកំពូលអង់គ្លេស Premier League បានស្នើសុំកាត់ប្រាក់ចំណូលរបស់កីឡាករចំនួន ៣០% ដើម្បីរក្សាលំនឹងហិរញ្ញវត្ថុក្នុងក្លិបនៅអំឡុងផ្អាកប្រកួត ដោយសារជួបវិបត្តិជំងឺ COVID-19។

សំណើនេះត្រូវបានធ្វើឡើង បន្ទាប់ពី PL បានបើកកិច្ចប្រជុំមួយជាមួយមេដឹកនាំក្លិបទាំងឡាយកាលពីល្ងាចថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ ក្នុងស្ថានភាពដែលជំងឺនៅមិនទាន់គ្រប់គ្រងបាននៅឡើយ។

ជាមួយគ្នានោះ បណ្តាមេដឹកនាំក្លិបទាំងអស់ ក៏បានឯកភាពពីការពន្យារពេលប្រកួតផងដែរ និងក៏បានព្រមព្រៀងក្នុងការ ស្មើសុំចំពោះកាត់ប្រាក់ខែកីឡាកររបស់ខ្លួនគ្រប់ៗរូបទៀតផង ដ្បិតកន្លងមក មានការកាត់ប្រាក់ខែបុគ្គលិករបស់ក្លិបតែប៉ុណ្ណោះ។

បន្ថែមលើនេះ ក្របខណ្ឌ Premier League ក៏បានធ្វើការឧបត្ថម្ភទឹកប្រាក់ចំនួន ១២៥លានផោន ដើម្បីជួយទ្រទ្រង់ EFL និង National League និងទឹកប្រាក់ចំនួន ២០លានផោនទៅឲ្យ NHS ថែមទៀតផង៕