(ក្រុងឡុងដ៍)៖ ជំនួបធំស៊ីសាច់ហុតឈាម ដែលមានដាក់ខ្សែក្រវាត់ដល់ទៅ៤ ផងនោះរវាងកីឡាករប្រដាល់ជើងខ្លាំង Anthony Joshua និង Kubrat Pulev នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានប្រកាសផ្អាកជាផ្លូវការហើយ ដោយសារវិបត្តិ COVID-19។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ជំនួបលើកទី១ រវាងខ្លាងចំណាចទាំងពីរដែលគ្រោងនឹងធ្វើឡើងនៅ សង្វៀង Tottenham Hotspur នាថ្ងៃសៅរ៍ ទី២០ ខែមិថុនាត្រូវបានពន្យារពេលវិញនោះ ដោយសារតែបញ្ហាជំងឺ COVID-19 នៅប្រទេសអង់គ្លេសនៅពុំទាន់គ្រប់គ្រងបាននៅឡើយ គ្រាដែលកាលបរិច្ឆេទថ្មីនៅពុំទាន់រកឃើញទៀតផង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមផ្សព្វផ្សាយរបស់ Joshua។

កីឡាករអង់គ្លេស Anthony Joshua ដែលមានវ័យ ៣០ឆ្នាំ បានចុះហត្ថលេខាដាក់ខ្សែក្រវាត់ដល់ទៅ៤ របស់ខ្លួនរួមមាន IBF, WBA, WBO និង IBO ដែលធ្លាប់ឈ្នះ ២៣ដង ពីការឡើងសង្វៀនបាន ២៤ដងប៉ុណ្ណោះ ដើម្បីប្រកួតទល់នឹងគូប្រជែង Kubrat Pulev ដែលមានវ័យ ៣៨ឆ្នាំជនជាតិបុលហ្គារី ដែលបានកំពុងកាន់កំណត់ត្រាល្អ ចាញ់តែម្តងគត់ ក្នុងចំណោមជ័យជម្នះ ២៨ដងរបស់គេ៕