(សេអ៊ូល)៖ បើគេនៅចាំមិនភ្លេច កាលពីចុងឆ្នាំ២០១៩ តារាចម្រៀងស្រីសមាជិកក្នុង Red Velvet កញ្ញា Wendy បានធ្លាក់ពីលើឆាក ខណៈកំពុងហាត់សមកម្មវិធីមួយ នៅទីក្រុងសេអ៊ូល សម្រាប់ទូរទស្សន៍ SBS។ ហេតុការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង ព្រោះនាងត្រូវរបួសចំមុខ បាក់ឆ្អឹងត្រគាក និងកដៃ នៅផ្នែកខាងស្ដាំនៃដងខ្លួន។ យ៉ាងណាមិញ ពេលនេះផលិតកម្ម SM បានចេញមកបញ្ជាក់ពីស្ថានភាពសុខភាពបច្ចុប្បន្នរបស់នាង ដើម្បីឲ្យអ្នកគាំទ្របានជ្រាប។

SM Entertainment បានឲ្យដឹងថា ពេលនេះ Wendy បានចាកចេញពីមន្ទីរពេទ្យហើយ ប៉ុន្តែនាងមិនទាន់ជាសះស្បើយទាំងស្រុងឡើយ និយាយរួមនាងបានគ្រាន់បើជាងមុនច្រើន និងបច្ចុប្បន្នទទួលការព្យាបាល​ ពីគ្រូពេទ្យនៅឡើយ។

គួរជម្រាបថា ចាប់តាំងពីជួបហេតុការណ៍នេះមក តារាស្រី Wendy បានចែករំលែកពីជីវិតឯកជនរបស់នាងដំបូង ទៅកាន់អ្នកគាំទ្រ តាមរយៈបណ្តាញសង្គម នៅថ្ងៃខួបកំណើតរបស់នាង នៅថ្ងៃទី២១ ខែកុម្ភៈ ២០២០៕