(ភ្នំពេញ)៖ តារាសម្ដែងស្រីដើមទ្រូងទ្រលុកទ្រលន់ កញ្ញា ហេង ស្រីពេជ្រ បានចេញមុខបដិសេធទាំងស្រុង និងមិនទទួលខុសត្រូវអ្វីទាំងអស់ ទៅលើគណនីហ្វេសប៊ុក​ មានឈ្មោះថា «Rim Oun» ដែលបានយករូបថតរបស់នាង ទៅប្រើប្រាស់ធ្វើជាគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ទាំងមិនដឹងថា ក្នុងចេតនា​ល្អ ឬអាក្រក់នោះទេ។ បើសិនជាគណនីហ្វេសប៊ុកមួយនេះ ធ្វើសកម្មភាពអ្វីផ្សេងៗ ឲ្យប៉ះពាល់ដល់កិត្តិយស និងការងារសិល្បៈរបស់នាង គឺនាងមិនទទួលខុសត្រូវឡើយ។

យោងទៅលើគណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែង ហេង ស្រីពេជ្រ បានឲ្យដឹងថា «នាងខ្ញុំ ហេង ស្រីពេជ្រ សូមធ្វើការបដិសេធទាំងស្រុង នូវគណនីហ្វេសប៊ុកមានឈ្មោះថា «Rim Oun» ដែលបានយករូបថតនាងខ្ញុំ ទៅបង្កើតគណនីហ្វេសប៊ុក ដោយមិនដឹងថា ក្នុងចេតនាល្អឬអាក្រក់នោះឡើយ»

ហេង ស្រីពេជ្រ បន្តថា «នាងខ្ញុំសូមមិនទទួលខុសត្រូវចំពោះទង្វើ របស់គណនីហ្វេសប៊ុកខាងលើនេះ ចំពោះរាល់សកម្មភាពទាំងអស់ ដែលបានកើតឡើង ទាំងការងារសិល្បៈ និងសកម្មភាពផ្សេងៗ»

គួរបញ្ជាក់ថា គណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែង ហេង ស្រីពេជ្រ គឺមានឈ្មោះថា «Heng Sreypich» ដែលនាងបានធ្វើការប្រើប្រាស់ និងប្រាស្រ័យទាក់ទង​រាល់ថ្ងៃ។ យ៉ាងណាមិញ ក្រោយត្រូវបានជនឆ្លៀតឱកាស បានយករូបថតរបស់នាង ទៅបង្កើតជាហ្វេសប៊ុកថ្មី កាន់កាប់ផ្ទាល់ខ្លួន។ ជាក់ស្ដែងដូចជាហ្វេសប៊ុកឈ្មោះ «Rim Oun» បានយករូបថតនាង ទៅដាក់តាំងលៅលើ​ប្រូហ្វាល់ ទាំងមិនដឹងថា គេបង្កើតឡើង ក្នុងគោលបំណងឬចេតនាអាក្រក់ល្អ​ណាមួយ ធ្វើឲ្យតារាសម្ដែងរូបនេះ ចេញមុខបដិសេធ មិនទទួលខុសត្រូវភ្លាមៗ ដើម្បីជៀសវាងធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់ខ្លួន និងអ្នកដទៃផ្សេងទៀត នៅថ្ងៃក្រោយ​។

ហេង ស្រីពេជ្រ ត្រូវបានគេដឹងថា ​គឺតារាសម្ដែងមួយរូប​ តែងតែ​ក្ដោបក្ដាប់បានតំណែងស្ទើរគ្រប់រឿង ​ជាតួអ្នកមានទ្រព្យស្ដុកស្ដម្ភ ធ្វើជាជំទាវ និងកាចឆ្នាស់ឆ្នើម​ជាដើម។ ទោះបីជាវ័យរបស់ ហេង ស្រីពេជ្រ រាងជ្រេបន្តិចក្ដី ប៉ុន្តែនាងបានអះអាងថា ពុំទាន់គិតគូ ពីអនាគត ឬយកប្ដីនៅពេលនេះទេ ដោយចង់បន្តសាងកេរ្តិ៍ឈ្មោះ ក្នុងវិស័យសិល្បៈឲ្យល្បីរន្ទឺជាងនេះ និងទុកពេលសម្រាប់ខ្លួនឯង ឲ្យនៅសប្បាយបានយូរ ពោលគឺគូអនាគត ចាំគិតជាក្រោយទៀត ក៏មិនហួសពេលដែរ៕