(ភ្នំពេញ)៖ ខណៈប្រទេសកម្ពុជា កំពុងមានជំងឺឆ្លងកូវីដ១៩ ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបានផលិតវីដេអូ និងសារនានា ដើម្បីណែនាំប្រជាជនឲ្យយល់ដឹងពីការ ការពារខ្លួនពីជំងឺឆ្លងកូវីដ១៩។ មិនតែប៉ុណ្ណោះ ក៏មានរឿងខ្លីមួយ ចំណងជើងថា «១៤ថ្ងៃ» ក៏កំពុងទទួលបានការចាប់អារម្មណ៍ ពីមហាជនផងដែរ ព្រោះរឿងនេះបានរួមចំណែកផ្សព្វផ្សាយពីវិធានការ ការពារខ្លួនពីជំងឺឆ្លងកូវីដ១៩ ជាពិសេសផ្តោតសំខាន់លើមនុស្ស ដែលទើបត្រឡប់មកពីប្រទេសថៃ ត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដើម្បីប្រាកដថាខ្លួនគ្មានជំងឺកូវីដ១៩ ដើម្បីការងារខ្លួន គ្រួសារ និងសង្គម​ពីជំងឺនេះ។

តាមរយៈរឿងអប់រំខ្លីនេះ​ គឺមានការណែនាំផលិតដោយភិក្ខុ គូ សុភាព។ រឿងនេះមិនត្រឹមតែបង្កប់សារអប់រំដល់បងប្អូន ដែលទើបត្រឡប់មកពីប្រទេសថៃ ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃទេ គឺថែមទាំងប្រាប់ពីវិធីសាស្ត្រជាច្រើន ដើម្បីឲ្យបងប្អូនដែលត្រូវនៅដោយឡែកម្នាក់ឯង ក្នុងបន្ទប់យកគំរូតាមទៀតផង។ ដោយក្នុងនោះរយៈពេល១៤ថ្ងៃ អាចយកពេលវេលានេះស្តាប់ព្រះធម៌ ដើម្បីឲ្យចិត្តស្ងប់,អានសៀវភៅ នាំឲ្យចម្រើនបញ្ហា, ហាត់ប្រាណ ដើម្បីឲ្យមានសុខភាពល្អជាដើម។

រឿងខ្លី «១៤ថ្ងៃ» មានការចូលរួមសម្តែងដោយកញ្ញា យោធិន វីរីយ៉ា ដែលជាកូនស្រីរបស់តារាសម្តែងជើងចាស់ សាវិន ហ្វីលីព និងលោក វិចិត្រាស សម្តែងជាតួអង្គប្រុសឈ្មោះ ចំរើន។ តារាប្រុសស្រីទាំងពីរ បានសម្តែងជាគូសង្សារនឹងគ្នា ខណៈតួប្រុសទើបត្រឡប់មកពីថៃ និងតួស្រីណែនាំឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីបង្ការជំងឺឆ្លងកូវីដ១៩។

រឿងមួយនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជនក្នុងបណ្តាញសង្គម ព្រោះរឿងនេះជាផ្នែកមួយ ក្នុងការចូលរួមផ្សព្វផ្សាយ ពីវិធានការការពារខ្លួនពីជំងឺឆ្លងកូវីដ១៩ ទៅកាន់បងប្អូនប្រជាជនខ្មែរ។ មិនតែប៉ុណ្ណោះ ការសម្តែងរបស់តារាប្រុសស្រីពន្លកថ្មីទាំងពីររូប គឺពិតជាស័ក្តិសមមែន​ ជាមួយនឹងរឿងបែបអប់រំមួយនេះ៕