(បរទេស)៖ លោក John Prine គឺជាអ្នកនិពន្ធ និងជាអ្នកចម្រៀងជើងចាស់ដ៏ល្បីមួយរូបរបស់អាមេរិក។ និមិត្តរូបនៃវិស័យសិល្បៈអាមេរិក និងជាអ្នកឈ្នះពានរង្វាន់ដល់ទៅពីរលើក ក្នុងកម្មវិធី «Grammy» រូបនេះ បានទទួលមរណភាពនៅថ្ងៃអង្គារ៍ ទី០៧ ខែមេសា ឆ្នាំ២០២០ ក្នុងវ័យ៧៣ឆ្នាំ ដោយសារជំងឺឆ្លងកូវីដ១៩។

យើងតាមក្រុមគ្រួសាររបស់លោក John Prine បានឲ្យដឹងថា លោកបានទទួលមរណភាព ដោយសារតែភាពស្មុគស្មាញជាច្រើន ដែលបណ្តាលមកពីជំងឺឆ្លងកូវីដ១៩។ លោក John Prine បានស្លាប់នៅមជ្ឈមណ្ឌលវិជ្ជសាស្រ្តនៃសាកលវិទ្យាល័យ Nashville ក្នុងរដ្ឋ Tennessee។

លោកស្រី Fioan ត្រូវជាភរិយារបស់លោក John Prine បានឲ្យដឹងថា កាលពីខែមុន លោកស្រីបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ ហើយតាំងពីពេលនេះមក លោកស្រីមានសុខភាពប្រសើរឡើងវិញហើយ។ ដោយឡែកសម្រាប់ស្វាមីរបស់លោកស្រីវិញ ត្រូវបានព្យាបាលក្នុងមន្ទីពេទ្យតាំងពីថ្ងៃទី២៦ ខែមីនា ដោយសារមានរោគសញ្ញានៃកូវីដ១៩។ តែជាអកុសល នៅថ្ងៃទី០៧ ខែមេសា លោកបានទទួលមណរភាពទៅហើយ។

គួរជម្រាបថា តាមរយៈសមទ្ធផលជាច្រើនដែលលោក John Prine បានធ្វើពេញមួយជីវិត គឺបានធ្វើឲ្យលោកក្លាយជាអ្នកឈ្នះពានរង្វាន់ក្នុងកម្មវិធី «Grammy» យ៉ាងងាយស្រួល កាលពីដើមឆ្នាំនេះ។ លោកត្រូវបានគេដឹងថា គឺជានិមិត្តរូបសម្រាប់សិល្បករគ្រប់រូបរបស់អាមេរិក។ លោកជាអ្នកនិពន្ធទំនុកច្រៀងដ៏ល្បី និងជាអ្នកចម្រៀងដែលមានទឹកដមសំឡេងពិរោះមួយរូប ប៉ុន្តែសំឡេងរបស់លោកបានផ្លាស់ប្តូរ នៅពេលដែលមានជំងឺមហារីកបំពងក។ ការទទួលមរណភាពរបស់តារាជើងចាស់ John Prine បានធ្វើឲ្យអ្នកគាំទ្រ និងសិល្បករអាមេរិកជាច្រើនសម្តែងការសោកស្តាយ៕