(ម៉ូនិច)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធឆ្នើម Thomas Muller បានសម្រេចព្រមព្រៀងបន្តកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២៣ ជាមួយក្លិបលំដាប់កំពូល FC Bayern Munich ហើយនេះជាពេលវេលា ១៤ឆ្នាំ ក្នុងទឹកដីនៃលីគអាល្លឺម៉ង់ Bundesliga។

ចាប់តាំងបានដើរចូលក្លិប Bayern Munich ក្នុងឆ្នាំ២០០៩មក ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំខាងលើនេះបានបង្ហាញខ្លួន ៥០០ប្រកួត ក្នុងនោះ Muller បានឈ្នះពានរង្វាន់កិត្តិយសចំនួន ១៦ជាមួយក្លិបកំពូលនេះ ខណៈរូបគេបានបង្ហាញអារម្មណ៍ថា «ក្លិប Bayern Munich វាជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ហើយខ្ញុំពិតជាសប្បាយចិត្តដែលបានបន្តនៅទីនេះ»

បុរសសញ្ជាតិអាល្លឺម៉ង់ Muller បច្ចុប្បន្នបានរួមចំណែកលើកពានរង្វាន់ធំៗមាន Bundesliga ៨លើក និង UEFA Champions League ១លើក ហើយពាន Club World Cup 2013 នៅប្រទេសម៉ូណាកូ ១លើក និងពាន UEFA Super Cup ១លើក ខណៈរដូវកាលនេះ រូបគេស៊ុតបាន ១០គ្រាប់ ក្នុងការបង្ហាញខ្លួនបាន ៣៦ប្រកួត គ្រប់កម្មវិធីរបស់ក្លិប៕