(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានក្រសោបពានទាំងពីរ ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) គឺពានគ្រូបង្វឹកល្អ ដែលដឹកនាំដោយលោក ស៊ុំ វណ្ណា និងពានកីឡាករល្អបានទៅខ្សែប្រយុទ្ធនីហ្សេរីយ៉ា Timothy Chiemerie Okereke។

កាលពីខែកុម្ភៈ ភ្នំពេញក្រោន បានឆ្លងកាត់ ៣ប្រកួតក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ដោយមិនស្គាល់ចាញ់ ឬស្មើ ថែមទាំងមិនរបូតគ្រាប់បាល់សោះទៀតផង ក្រោមការដឹកនាំរបស់លោក ស៊ុំ វណ្ណា ដោយបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-០ ឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ៧-០ និងឈ្នះក្រុមអាស៊ីអឺរ៉ុប ៦-០។

រីឯខ្សែប្រយុទ្ធរហស្សនាមមាឌយក្ស Timothy ដែលនាំឲ្យគេទទួលបានពានកីឡាករល្អប្រចាំខែកុម្ភៈ ក៏ព្រោះរូបគេបានបង្ហាញខ្លួន ៣ប្រកួតជាប់គ្នា ព្រមទាំងរកបានគ្រាប់បាល់ដ៏ច្រើនចំនួន ៧គ្រាប់ពី ៣ប្រកួតខាងលើ ដែលនាំឲ្យគេរក្សាបានតំណែងកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ (Top-Scorers) បណ្ដោះអាសន្នបច្ចុប្បន្នថែមទៀតផង។

គួរបញ្ជាក់ថា បច្ចុប្បន្នភ្នំពេញក្រោន ក៏កំពុងឈរកំពូលតារាងនៃលីគកំពូលកម្ពុជាផងដែរ ក្រោយដំណើរការប្រកួតបាន ៥សប្ដាហ៍ ជាមួយលទ្ធផលឈ្នះ៤ និងស្មើ១ រកបាន ១៣ពិន្ទុ ស្មើក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង មុនលីគសម្រាក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមថ្មីកូវីដ១៩ (Covid-19)៕