(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិភ្នំពេញ ឆ្នាំ២០២០ ដែលគ្រោងធ្វើនាសប្ដាហ៍ទី២ នៃខែមិថុនាខាងមុខ ត្រូវបានផ្អាកការរៀបចំហើយ ដើម្បីការពារការរីករាលដាលជំងឺកូវីដ (COVID-19)។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ការសម្រេចផ្អាកការរៀបចំ ដោយលើកព្រឹត្តិការណ៍កីឡាទេសចរណ៍ខាងលើ ទៅធ្វើនាឆ្នាំ២០២១ គឺអនុវត្តតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបញ្ជៀសការជួបជុំមនុស្សច្រើន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺដ៏កាចសាហាវនេះ។

ទន្ទឹមជាមួយការផ្អាកនេះដែរ គណៈកម្មការរៀបចំ បានជូនដំណឹងដល់អ្នកចុះឈ្មោះរួចរាល់ហើយដែរ ហើយអ្នកចុះឈ្មោះរួច ពិសេសភ្ញៀវបរទេស គណៈកម្មការនៅតែរក្សាឈ្មោះសម្រាប់ត្រៀមទៅឆ្នាំក្រោយ។ ការណ៍នេះ ទាំងភ្ញៀវជាតិ-អន្ដរជាតិ ដែលបានចុះឈ្មោះរួចហើយ និងត្រៀមចុះឈ្មោះ សុទ្ធតែគាំទ្រចំពោះការសម្រេចរបស់ NOCC ដ្បិតពួកគេបានយល់ពីស្ថានការណ៍បច្ចុប្បន្ន។ លោក វ៉ាត់ ចំរើន បន្ថែម។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិភ្នំពេញ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលក្រសួងទេសចរណ៍ និង NOCC សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ រៀបចំក្នុងគោលបំណងអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ និងដើម្បីផ្សព្វផ្សាយអំពីទីក្រុងស្អាត និងបៃតង ក្នុងន័យជំរុញរាជធានីភ្នំពេញ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង៕